លោក Patrick Kluivert បានជំរុញលើកទឹកចិត្តកីឡាករឥណ្ឌូនេស៊ីរបស់គាត់កុំឱ្យមានការភិតភ័យនៅឯកីឡដ្ឋាន King Abdullah Sports City Stadium ក្នុងទីក្រុង Jeddah នៅពេលដែលពួកគេជួបម្ចាស់ផ្ទះអារ៉ាប៊ីសាអូឌីតក្នុងការប្រកួតជម្រុះ World Cup នៅថ្ងៃពុធនេះ។
ឥណ្ឌូណេស៊ីកំពុងព្យាយាមដើម្បីឈានដល់កៅអីមួយលេងការប្រកួតបាល់ទាត់ពិភពលោកជាលើកដំបូងចាប់តាំងពីទទួលបានឯករាជ្យពីហូឡង់ក្នុងឆ្នាំ 1949 ហើយការប្រកួតជាមួយអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ាក់ក្នុងរយៈពេល 4 ថ្ងៃខាងមុខនេះនឹងកំណត់ជោគវាសនារបស់ពួកគេ។
ឥណ្ឌូណេស៊ី អារ៉ាប៊ីសាអូឌីត និង អ៉ីរ៉ាក់នស្ថិតនៅក្នុងពូលB ហើយការបញ្ចប់ចំណាត់ថ្នាក់លេខ 1 ក្នុងក្រុមទាំងបីនឹងធានាបានកៅអីដោយស្វ័យប្រវត្តិនៅវគ្គផ្តាច់ព្រ័ត្រនៅអាមេរិកខាងជើងនៅឆ្នាំក្រោយ។
អតីតខ្សែប្រយុទ្ធ Barcelona និងជម្រើសជាតិហូឡង់ បាននិយាយថា “ខ្ញុំមិនខ្លាចទេ ព្រោះប្រសិនបើអ្នកខ្លាច អ្នកបង្ហាញភាពទន់ខ្សោយរបស់អ្នក។ ប្រសិនបើយើងបង្ហាញចំណុចខ្សោយដែលផ្តល់កម្លាំងដល់គូប្រកួត”។
លោក Kluivert បានបន្ថែមទៀតថា “យើងដឹងពីអំណាច និងភាពខ្លាំងរបស់អារ៉ាប៊ីសាអូឌីត ជាពិសេសនៅពេលដែលពួកគេលេងនៅផ្ទះ ប៉ុន្តែយើងត្រូវផ្តោតអារម្មណ៍។ ផ្នត់គំនិតគឺជារឿងសំខាន់បំផុត គឺត្រូវស្ងប់ស្ងាត់ក្នុងស្ថានភាពក្តៅ”។
ឥណ្ឌូណេស៊ីបានប្រកួតជាមួយអារ៉ាប៊ីសាអូឌីតពីរដងរួចមកហើយនៅក្នុងជុំមុននៃការប្រកួតបឋមរបស់អាស៊ី – ស្មើ 1-1 នៅ Jeddah កាលពីខែកញ្ញាមុនមុនពេលឈ្នះ 2-0 ក្នុងទីក្រុងហ្សាកាតាពីរខែក្រោយមក។ លទ្ធផលទាំងពីរនេះត្រូវបានសម្រេចក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹក Shin Tae-yong ដែលត្រូវបានជំនួសដោយ Kluivert ក្នុងខែមករា។
ការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះមានលទ្ធផលចម្រុះតាំងពីចូលកាន់ដំណែង ដោយចាញ់យ៉ាងធ្ងន់ធ្ងរក្នុងវគ្គជម្រុះ World Cup ក្រោមថ្វីជើង ជប៉ុន និងអូស្ត្រាលី ស្របពេលដែលគាត់ក៏ធានាបានជ័យជម្នះលើចិន និងបារ៉ែន ដើម្បីរក្សាក្តីសុបិនក្នុងវគ្គជម្រុះរបស់ប្រទេសនេះឱ្យនៅរស់។
ក្រុមឥណ្ឌូណេស៊ីនឹងចូលទៅក្នុងការប្រកួតដោយគ្មានអ្នកចាំទីជម្រើសដំបូង Emil Audero និងខ្សែប្រយុទ្ធ Marselino Ferdinan ដែលបានស៊ុតបញ្ចូលទីក្នុងជ័យជម្នះលើក្រុមអារ៉ាប៊ីសាអូឌីតកាលពីខែវិច្ឆិកា ខណៈដែលខ្សែប្រយុទ្ធ Ole Romeny ក៏មិនទាន់ច្បាស់ផងដែរ៕