ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកឧត្តមសេនីយ៍ទោ SUENAGA MASANORI អគ្គនាយក អគ្គនាយកដ្ឋានកម្មវិធីគោលនយោបាយកងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋាន។
ក្នុងជំនួបនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ជូនពីសភាពការណ៍ខ្លះៗនៅកម្ពុជា ដែលពីអតីតកាលបានបាត់បង់សន្តិភាពជាង ៥០០ ឆ្នាំ ហើយទើបទទួលបានសុខសន្តិភាពពេញលេញក្នុងរយៈពេលជាង ២៧ ឆ្នាំមកនេះ ដោយការស្វែងរកសន្តិភាពនេះបានមកដោយលំបាក ដូច្នេះកម្ពុជាមិនចង់ឲ្យសន្តិភាពបាត់បង់ទៅវិញនោះទេ។
ឯកឧត្តម បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងរីកចម្រើនលើគ្រប់វិស័យរវាងកម្ពុជា-ជប៉ុន ក្នុងរយៈពេល ៧២ឆ្នាំនៃចំណងការទូត ជាពិសេសតួនាទីដ៏សំខាន់របស់ជប៉ុន នៅក្នុងការចូលរួមចំណែកស្វែងរកសន្ដិភាពនៅកម្ពុជា, ការស្ដារនិងកសាងប្រទេសកម្ពុជាឡើងវិញ ព្រមទាំងការរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើន។
ក្នុងនាមក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណដល់កងស្វ័យការពារជប៉ុន ដែលបានជួយឧបត្ថម្ភជាសម្ភារៈ គ្រូ និងកម្មវិធីសិក្សានានាដល់សាលាពហុជំនាញកងទ័ពកម្ពុជា ដែលកំពុងដំណើរការស្ថាបនា ទាំងជំនាញវិទ្យុទាក់ទង និងជំនាញគីមីសាស្ត្រ។
ឯកឧត្តមអគ្គមេបញ្ជាការ ក៏បានស្នើដល់ភាគីជប៉ុន បង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាំងការផ្លាស់ប្ដូរទស្សនកិច្ច ការផ្លាស់ប្ដូរព័ត៌មានទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្ម ការជួញដូរមនុស្ស ជួញដូរអាវុធ ជួញដូរគ្រឿងញៀន បទល្មើសព័ត៌មានវិទ្យា អំពើភេរវកម្ម ការងារមនុស្សធម៌ ការសង្គ្រោះគ្រោះមហន្តរាយ និងការធ្វើលំហាត់ហ្វឹកហ្វឺនរួម ជាដើម។
ជាការឆ្លើយតប លោកឧត្តមសេនីយ៍ទោ SUENAGA MASANORI បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ទាំងក្នុងក្របខណ្ឌជាតិ និងក្របខណ្ឌកងទ័ពប្រទេសទាំងពីរ។ លោកឧត្តមសេនីយ៍ទោ បានសម្ដែងការចាប់អារម្មណ៍ចំពោះភាពរីកចម្រើនលើគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជា។
លោកឧត្តមសេនីយ៍ទោ បានសន្យាថានឹងពាំនាំនូវសំណើរបស់កម្ពុជា ដើម្បីជម្រាបជូនថ្នាក់ដឹកនាំជប៉ុន ចំពោះការប្ដេជ្ញាបន្តសហការជាមួយកម្ពុជាឲ្យកាន់តែប្រសើរថែមទៀតលើវិស័យផ្សេងៗ ក្នុងនោះ វិស័យយោធាដែលជាវិស័យអាទិភាពមួយ ដើម្បីអភិវឌ្ឍធនធានមនុស្ស៕
ដោយ ៖ សិលា