រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងសាងសង់ផ្លូវអាកាស និងផ្លូវរថភ្លើងក្រោមដី ពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោមកភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងធ្វើការកែលម្អ និងស្ថាបនាប្រព័ន្ធលូ ប្រឡាយនៅក្នុងរាជធានីភ្នំពេញ ដើម្បីរំដោះទឹកឱ្យកាន់តែប្រសើរថែមទៀត បើទោះបីការដោះ ស្រាយបញ្ហាលិចលង់នេះ មានភាពល្អប្រសើរមួយកម្រិតធំយ៉ាងណាក្តី ដើម្បីដោះស្រាយ បញ្ហាការកកស្ទះបរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ ក៏មានគម្រោងការសាងសង់ ផ្លូវអាកាស និងផ្លូវរថភ្លើងក្រោមដី ពី អាកាសយាន្តដ្ឋានអន្តរ ជាតិតេជោ (អាកាសយានដ្ឋានថ្មី) មកភ្នំពេញផងដែរ។
នេះបើតាមការបញ្ជាក់ឱ្យដឹង ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី២ អាណត្តិទី៤ ក្រោមអធិបតីភាព លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ បញ្ហាប្រឡាយលូនៅរាជធានីភ្នំពេញយើងបាននិងកំពុងធ្វើការស្ដារ លូ ប្រ ឡាយក៏ដូចជាស្ថាបនាលូថ្មីមួយចំនួន ដើម្បីដោះស្រាយបញ្ហាលិចលង់ ដោយ ពេលនេះយើងដោះស្រាយបានមួយកំរិតធំហើយ បើទោះបីមានភ្លៀងធ្លាក់ធំក្នុងកម្រិតណាក៏ ដោយ ពោលគឺអាចដោះស្រាយលិចលង់បាន ក្នុងរយៈពេលខ្លីមិនច្រើនម៉ោងដូចកាលពីមុនទេ។
ការស្ថាបនាប្រព័ន្ធលូ ប្រឡាយនៅក្នុងរាជធានីភ្នំពេញជាមួយនឹងគម្រោងរំដោះទឹកចេញពីរាជធានីភ្នំពេញរបស់រាជរដ្ឋាភិបាលក្រោមការណែនាំពីសម្ដេចបបរអធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ធ្វើឲ្យរាជធានីភ្នំពេញ ដោះស្រាយបាននូវការលិចលង់បានមួយកម្រិតធំថែមទៀត។ជាក់ស្ដែងនៅផ្នែកខាងជើង ឆៀងខាងលិចរាជធានីភ្នំពេញដោះស្រាយនូវការលិចលង់បានយ៉ាងល្អប្រសើរ។ចំណែកនៅភាគខាងត្បូងឆៀងខាងកើតរាជធានីភ្នំពេញវិញ យើងក៏នឹងអាចដោះស្រាយបញ្ហាលិចលង់នេះបានល្អដែរ នៅពេលយើងតភ្ជាប់ប្រព័ន្ធលូរួចរាល់។
ពាក់ព័ន្ធនឹងបញ្ហាបរាចរណ៍វិញ ជាគម្រោងរដ្ឋបាលរាជធានីភ្នំពេញក៏នឹងកសាងនូវផ្លូវអាកាស ដើម្បីរំដោះបរាចរណ៍ចេញពីអាកាសយាន្តដ្ឋានអន្តរជាតិ តេជោចូលមកភ្នំពេញ ក្នុងនោះដែរជាគម្រោង យើងអាចស្ថាបនាផ្លូវអាកាសចាប់ពីរង្វង់មូលគួស្រូវ ហោះលើផ្លូវលេខ២១៧ មកចុះមុខមហោស្របចេនឡាផ្សារដើមគរ។ ចំណែកការស្ថាបនាផ្លូវរថភ្លើងក្រោមដីវិញ យើងក៏មានគម្រោងសាងសង់ផងដែរ ដើម្បីរំដោះបរាចរណ៍ចេញពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោចូលមករាជធានីភ្នំពេញនិងផ្លូវចូលក្រុងផងដែរ។ បើការកកស្ទះចរាចរណ៍ពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោ កាន់តែខ្លាំង គម្រោងនៃស្ថាបនាផ្លូវអាកាសនិងផ្លូវក្រោមដីអាចនឹងដំណើរការកាន់តែឆាប់។
លោក ឃួង ស្រេង ក៏បានលើកឡើងអំពីបញ្ហាការប្រមូលសំរាមនៅរាជធានីភ្នំពេញឱ្យ បានល្អហើយមិនឱ្យកកស្ទះទៀតទេ។ សូមសហគ្រាសគ្រប់គ្រងសំរាមធ្វើការពិនិត្យសិក្សា ឡើងវិញហើយរកមូលហេតុ ជុំវិញប្រជាពលរដ្ឋដែលមិនព្រមបង់ថ្លៃសំរាម ។ ចំពោះអ្នកដែលបានបង់ថ្លៃសំរាមជាប្រចាំហើយ រដ្ឋបាលរាជធានីភ្នំពេញរក្សាតម្លៃសំរាមដដែលមិនមានគម្រោងនៃការតម្លើងថ្លៃនោះទេ។ កន្លងមក្រុមហ៊ុនស៊ិនទ្រីកំណត់តម្លៃសំរាមខុសឆ្គងដូចជាផ្ទះល្វែងខ្លះ១៥ដុល្លារ១ខែ។ដូច្នេះសហគ្រាសគ្រប់គ្រងសំរាមត្រូវកាត់តម្រឹមការយកតម្លៃខុសបែបបទនេះចេញធ្វើម៉េចឱ្យសមរម្យដើម្បីជំរុញឱ្យពួកគាត់ចូលរួមក្នុងការបង់ថ្លៃសំរាមឱ្យបានទាំងអស់គ្នា។
លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានអរគុណអភិបាលរាជធានី និងរដ្ឋបាលរាជធានីភ្នំពេញក្នុងខែកញ្ញាកន្លងមកពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌបានធ្វើការថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ របៀបរាបរយនិងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋបានល្អ។ក្នុងនោះរដ្ឋបាលរាជធានីក៏បានរៀបចំជូនដំណើរប្រជាពលរដ្ឋទៅលេងស្រុកកំណើតតាមរយះរថយន្តក្រុងសាធារណៈបានល្អហើយប្រជាពលរដ្ឋសប្បាយរីករាយដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញទៅជូនដំណើរដោយផ្ទាល់ថែមទៀតផង៕

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print