ភ្នំពេញ៖ សម្តេចប្រធានរដ្ឋសភាកម្ពុជា ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពី ស្ត្រី រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋសភា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា កិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្ត្រី គឺជាការជួបជុំថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និង ដៃគូ អភិវឌ្ឍន៍ ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដើម្បីពិនិត្យវឌ្ឍនភាពនៃសេចក្តីថ្លែងការណ៍ ទីក្រុងប៉េកាំង ឆ្នាំ១៩៩៥ ដែលជាមូលដ្ឋានគ្រឹះសកល សម្រាប់ជំរុញសមភាពយេនឌ័រ និង បង្កើនភាពអង់អាចដល់ស្ត្រី និងការពារសិទ្ធិរបស់ ស្ត្រី និងក្មេងស្រី ទូទាំងពិភពលោក។
កិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកឆ្នាំនេះ ប្រារព្ធធ្វើឡើងក្រោមមូលបទស្តីពី «អនាគតរួមគ្នាតែមួយ ៖ ដំណើរការថ្មី និងលឿនសម្រាប់ការអភិវឌ្ឍស្ត្រីលើគ្រប់វិស័យ» ដើម្បីពង្រឹងការគាំទ្រ និងបន្តការប្តេជ្ញាចិត្តជាថ្មី ផ្នែកនយោបាយនៅ កម្រិតខ្ពស់បំផុតសម្រាប់ការអនុវត្តពេញលេញប្រកបដោយប្រសិទ្ធភាព និងពន្លឿនការអនុវត្តសម្រេចឱ្យបានសមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្ត្រី និងក្មេងស្រីទាំងអស់ ដែលស្របតាមរបៀបវារៈ ឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព វិបុលភាព និងបរិយាបន្ន។
សម្តេចរដ្ឋសភាធិបតី នឹងអញ្ជើញថ្លែងបទអន្តរាគមន៍ គន្លឹះដល់អង្គពិធី។ ក្នុងនាមជាប្រទេសហត្ថលេខីមួយនៃសេចក្តីប្រកាសទីក្រុងប៉េកាំង សម្តេចរដ្ឋសភាធិបតី នឹងលើកឡើងពីវឌ្ឍនភាព នៃការចូលរួមដោយឆន្ទៈមោះមុត និងទស្សនៈវែងឆ្ងាយរបស់រដ្ឋសភា ក៏ដូចជា រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តមកដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងការលើកកម្ពស់ សមភាពយេនឌ័រ និង ភាពអង់អាចរបស់ស្ត្រី នៅកម្ពុជា ក្រោមពាក្យស្លោកថា «ស្ត្រី គឺជាឆ្អឹងខ្នង ដ៏សំខាន់សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច»។
អំឡុងពេលចូលរួមកិច្ចប្រជុំនេះ សម្តេចរដ្ឋសភាធិបតី មានគម្រោងជួបពិភាក្សាការងារ ជាលក្ខណៈទ្វេភាគី ជាមួយថ្នាក់ដឹកនាំសភាបណ្តាប្រទេសនានា ប្រធានស្ថាប័នអន្តរជាតិផ្សេងៗ នៅក្នុងនោះ ក៏មានការជួបពិភាក្សា ជាមួយ លោក Zhao Lejiប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគី និង លើកកម្ពស់ទំនាក់ទំនងប្រជាជន និងប្រជាជន ឱ្យកាន់តែសកម្ម ស៊ីជម្រៅ ស្របនឹងឆ្នាំទេសចរណ៍រវាងប្រទេសទាំងពីរ ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រទេស ជាតិ និង ប្រជាពលរដ្ឋ។
លើសពីនេះ សម្តេចរដ្ឋសភាធិបតី នឹងមានជំនួបទ្វេភាគី ជាមួយគណៈប្រតិភូអង្គការ សហប្រជាជាតិដើម្បីស្រ្តី និងគណៈប្រតិភូនានាផងដែរ៕