ខេត្តកំពង់ឆ្នាំង៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំង នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដោយមានការចូលរួមពី លោក ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត លោក ស៊ុន សុវណ្ណរិទ្ធិ អភិបាលនៃគណៈអភិបាលខេត្ត លោក អាន់តូនី ហ្គីល តំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំង លោក លោកស្រី ភ្ញៀវកិត្តិយស និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប។
គម្រោងនេះគ្របដណ្ដប់លើផ្ទៃដីសរុបចំនួន ២៤៧ហិកតា ស្ថិតនៅក្នុងសង្កាត់ចំនួន៤ នៃក្រុង កំពង់ឆ្នាំង រួមមាន សង្កាត់ផ្សារឆ្នាំង សង្កាត់កំពង់ឆ្នាំង សង្កាត់ប្អៀរ និងសង្កាត់ខ្សាម ដែលមានផ្ទៃដីសម្រាប់សាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ទំហំ១៥ហិកតា ប៉ុន្តែបច្ចុប្បន្ននេះដីប្រើប្រាស់សម្រាប់ការសាងសង់អស់ ៤,៥ហិកតា។ ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ដែលបានស្ថាបនារួច និងត្រៀមដាក់ឱ្យប្រើប្រាស់នាពេលនេះ មានសមត្ថភាពចម្រុះទឹកកខ្វក់បានចំនួន ៥ ៤០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ហើយបានតភា្ជប់បណ្ដាញទឹកកខ្វក់តាមផ្ទះបងប្អូនប្រជាពលរដ្ឋ និងអគារការិយាល័យផ្សេងៗចំនួន ៥០០ទីតាំង និងសាងសង់បង្គន់អនាម័យដល់គ្រួសារក្រីក្រចំនួន ១ ២៩៣ទីតាំង និងបណ្ដាញលូមេ-លូរងតាមលំហូរធម្មជាតិ ដែលទាំងនេះនឹងក្លាយជាសមិទ្ធផលមួយរួមចំណែកលើកកម្ពស់សុខុមាលភាព និងអនាម័យបរិស្ថានសម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងកំពង់ឆ្នាំង។
ថ្លែងក្នុងអង្គពិធី លោករដ្ឋមន្ត្រី បានលើកឡើងថា គម្រោងនេះ នឹងចូលរួមបម្រើប្រយោជន៍សាធារណៈដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ឆ្នាំងទាំងមូល និងបណ្តាខេត្តជុំវិញ រួមទាំងការជួយរំដោះជំនន់ទឹកភ្លៀងក្នុងរដូវវស្សា និងការធ្វើឱ្យប្រសើរឡើងនូវបរិស្ថានអនាម័យល្អសម្រាប់បណ្តាខេត្តទាំងនោះ។ ទាំងអស់នេះ បានឆ្លុះបញ្ចាំងឱ្យឃើញអំពីការអភិវឌ្ឍទៅមុខឥតឈប់ឈរនៃវិស័យគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ និងទឹកស្អាត ដើម្បីធានាផលប្រយោជន៍សុខភាពសាធារណៈ ជាអតិបរមានៅតាមតំបន់ និងទីប្រជុំជនសំខាន់ៗនៅកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារអភិវឌ្ឍន៍អាស៊ី អាជ្ញាធរខេត្តកំពង់ឆ្នាំង និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំរួមសហការយ៉ាងសកម្មធ្វើឱ្យសម្រេច បានជាស្ថាពរនូវសមិទ្ធផលនេះឡើង ជាពិសេស ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានជួយដល់ការអភិវឌ្ឍលើវិស័យសំខាន់ៗជាច្រើននៅកម្ពុជា ដើម្បីបម្រើដល់ការរីកចម្រើន និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ដែលក្នុងនោះវិស័យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ធនាគារអភិវឌ្ឍន៍អាស៊ីក៏បានជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការសាងសង់ប្រព័ន្ធលូចម្រោះសម្អាតទឹកកខ្វក់ និងស្ថានីយបូមទឹក ការសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀង ការសាងសង់ទីតាំងកែច្នៃសំរាម និងការសាងសង់ទីលានចាក់សំរាមនៅតាមទីប្រជុំជន និងក្រុងក្នុងបណ្តាខេត្តសំខាន់ៗមួយចំនួន រួមទាំងការរៀបចំផែនការមេ ការកសាងសមត្ថភាព និងការសិក្សាគម្រោងជាច្រើនផងដែរ៕