កណ្តាល៖ កូនអកតញ្ញូម្នាក់ត្រូវក្រុមគ្រួសារសម្រេចចិត្តប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពយកដំបងឈើវាយក្បាលឪពុករបស់ខ្លួនបណ្តាលឲ្យហូរឈាមស្រោចខ្លួន ព្រោះរឿងផឹកស្រាស្រវឹងហើយសួររកសាច់ក្លែមផឹកបន្តឪពុកប្រាប់ថាអស់ហើយ…ភ្លាមនោះជនសង្ស័យទាញក្បាលតែម្តង ។
ករណីប្រើអំពើហិង្សាក្នុងគ្រួសារនេះបានកើតឡើងនៅវេលាម៉ោង៤ និង២០នាទីរលៀសថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនដៃដល់ដែលជាកូនមានឈ្មោះស សុជាតិ ភេទប្រុស អាយុ១៨ឆ្នាំ គ្មានមុខរបរពិតប្រាកដ បានយកដំបងឈើវាយទៅលើជនរងគ្រោះដែលជាឪពុកបង្កើតមានឈ្មោះស ម៉ៅ អាយុ៤៥ឆ្នាំ មុខរបរជាកម្មករសំណង់ បណ្តាលឲ្យចំក្បាលហូឈាមស្រោចខ្លួន ។
លោកវ៉េង កុសល នាយប៉ុស្តិ៍នគរបាលគគីរបានឲ្យដឹងថា នៅថ្ងៃកើតហេតុនៅថ្ងៃកើតហេតុជនសង្ស័យបានយកសាច់កណ្តុរប្រឡាក់របស់ឪពុកមកអាំងក្លែម ផឹកស៊ីជាមួយមិត្តភក្តិ ។ បន្ទាប់ពីអស់សាច់ក្លែមជងសង្ស័យបានស្រែកសួរទៅឪពុកថា មានម្ហូបទៀតអត់…ឪពុកឆ្លើយថា អស់ហើយ…ភ្លាមនោះកូនអកតញ្ញូបានប្រតាយប្រតប់ជាមួយឪពុក…ដោយអំណាចស្រានៅក្នុងខ្លួនកំពុងតែមានមហិរិទ្ធខ្លាំងក្លា…ធ្វើឲ្យជនសង្ស័យស្ទុះទៅយកដំបងឈើវាយក្បាលឪពុកបណ្តាលឲ្យហូឈាមស្រោចខ្លួន ។
កន្លងមកជនសង្ស័យធ្លាប់បានប្រើអំពើហិង្សាច្រើនដងមកហើយ តែក្រុមគ្រួសារចេះតែអត់ធ្មត់ធ្វើការអប់រំណែនាំជាបន្តបន្ទាប់ លើកនេះមានសភាពធ្ងន់ធ្ងរក្រុមគ្រួសារក៏សម្រេចចិត្តប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖ សណ្តោស
...