ខេត្តកណ្ដាល÷ សមត្ថកិច្ចនគរបាលប៉ុស្តិ៍សិត្បូ បានឃាត់ ខ្លួនបុរសម្នាក់ដែលជាមុខសញ្ញាថ្មី មិនមែនជាមុខសញ្ញាកាត់ខ្សែភ្លើងដែលពួកគេតាមដាននោះទេ។ ជនសង្ស័យដែលឃាត់ខ្លួនបាននោះ គឺជាអ្នកលួចគ្រឿងញៀនពីអ្នកផ្សេងមកប្រើប្រាស់ផ្ទាល់ខ្លួន។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៣និង៥២នាទី ថ្ងៃទី៩ តុលា ២០២៥ នៅត្រង់ចំណុចបុរីបឹងត្នោត ក្បែរផ្លូវក្រវាត់ក្រុងទី៣ ក្នុងភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ។
លោកវរសេនីយ៍ត្រី ស៊ាង រិទ្ធី នាយប៉ុស្តិ៍នគរបាលសិត្បូ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ យន់ សាំង ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិព្រែករុន (ក្រោម) ឃុំព្រែកគយ ស្រុកស្អាង ។ លោក នាយប៉ុស្តិ៍បានបន្តថា ជនសង្ស័យរូបនេះគ្មានមុខរបរពិតប្រាកដនោះទេ ហើយតាមការពិនិត្យទឹកនោម ក៏បានរកឃើញថាវិជ្ជមានសារធាតុញៀនផងដែរ។
លោកនាយប៉ុស្តិ៍បានបញ្ជាក់ថា កាលពីពេលកើតហេតុ កម្លាំងរបស់លោកបានចុះទៅដល់ចំណុចបុរីបឹងត្នោត ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានមុខសញ្ញាកំពុងលួចកាត់ខ្សែភ្លើងនៅទីនោះ។ ពេលទៅដល់ ស្រាប់តែប្រទះឃើញជនសង្ស័យរូបនេះកំពុងឈរនៅក្បែរបុរីតែម្នាក់ឯង។ ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនសួរនាំ និងឆែកឆេរ ហើយបានរកឃើញថ្នាំញៀនចំនួន១កញ្ចប់ ទម្ងន់ ១,៧៩ក្រាម ដែលជនសង្ស័យបានលាក់ទុកនៅក្នុងកែបម៉ូតូរបស់ខ្លួន។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ថ្នាំញៀន១កញ្ចប់នោះ គឺខ្លួនបានលួចពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅម្តុំរោងចក្រទុយោ ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ដើម្បីយកមកប្រើប្រាស់ប្រាកដមែន។ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន១កញ្ចប់ ទម្ងន់ ១,៧៩ក្រាម, ម៉ូតូម៉ាក HONDA DDREA C125 ពណ៌ខ្មៅ គ្មានស្លាកលេខ ចំនួន១គ្រឿង, ញញួរចំនួន១, កន្ត្រៃចំនួន១, ទុលវីសចំនួន១ និងសម្ភារៈប្រើប្រាស់មួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕