ខេត្តកណ្ដាល÷ ជនសង្ស័យ ២នាក់ ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀន ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកមុខកំពូលឃាត់ខ្លួនបាន ក្រោយពួកគេទិញគ្រឿង ញៀនចំនួន៣លើករួចមកហើយ ពីជនជាតិវៀតណាមក្នុងតម្លៃ ៣០ម៉ឺនរៀលម្តងៗ ដើម្បីយកទៅចែកចាយបន្តនៅឯស្រុកកំណើត។ ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ១និង២០នាទីអាធ្រាត ឈានចូលថ្ងៃទី១០ តុលា ២០២៥ នៅចំណុចភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល។
លោកវរសេនីយ៍ឯក ឯក លន់ អធិការនគរបាលស្រុកមុខកំពូល បានឲ្យដឹងថា ជនសង្ស័យទាំង ២នាក់ មានឈ្មោះ វ៉ុន ហ៊ា ភេទប្រុស អាយុ២០ឆ្នាំ និងឈ្មោះ មួង ភុន ភេទប្រុស អាយុ២៥ឆ្នាំ ដោយទាំងពីរនាក់មានទីលំនៅឯខេត្តកំពង់ធំ។ លោកអធិការបានបន្តថា ជន សង្ស័យទាំងនេះមិនមានមុខរបរពិតប្រាកដនោះទេ ហើយលទ្ធផលតេស្តទឹកនោមបានបង្ហាញថាពួកគេសុទ្ធតែមានសារធាតុញៀននៅក្នុងខ្លួន។
លោកអធិការបញ្ជាក់ថា កម្លាំងនគរបាលប៉ុស្តិ៍ឫស្សី ជ្រោយ សហការជាមួយកម្លាំងប្រឆាំងគ្រឿងញៀនស្រុក និងកម្លាំងប្រជាការពារ បានចុះល្បាតរួមគ្នាពេលកើត ហេតុ។ ពេលទៅដល់ចំណុចកើតហេតុ ក៏ប្រទះឃើញមុខសញ្ញាគួរឲ្យសង្ស័យ និងបានឃាត់សួរនាំព្រមទាំងឆែកឆេរ។ ជាលទ្ធផល សមត្ថកិច្ចបានរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ២ កញ្ចប់ (ទំហំមធ្យម) ទម្ងន់ ៣,០៤ក្រាម ទើបនាំខ្លួនជនសង្ស័យទាំង ២នាក់ មកសាកសួរតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ២នាក់ បានសារភាពថា ពួកគេបានទិញថ្នាំញៀនចំនួន ២កញ្ចប់ (ទំហំមធ្យម) ខាងលើពីជនជាតិវៀតណាមមិនស្គាល់ ឈ្មោះ នៅចំណុចក្រោមស្ពានច្បារអំពៅត្រើយខាងកើត ក្នុងតម្លៃ ៣០០.០០០រៀល (សាមសិបម៉ឺនរៀល)។ ពួកគេបានសារភាពបន្ថែមថា ពួកគេធ្លាប់បានទិញគ្រឿងញៀនសរុបចំនួន ៣លើក រួចមកហើយ ដោយទិញម្តងៗក្នុងតម្លៃ ៣០០.០០០រៀល ដើម្បីយកទៅចែកចាយលក់បន្តនៅឯស្រុកកំណើតរបស់ពួកគេវិញ។ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ២កញ្ចប់ (ទំហំមធ្យម) ទូរសព្ទដៃម៉ាក OPPO ចំនួន ១គ្រឿង និងម៉ូតូម៉ាកវ៉េវពណ៌ខ្មៅគ្មានស្លាកលេខចំនួន ១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធីច្បាប់៕