ព្រះរាជាណាចក្រកម្ពុជា ត្រៀមខ្លួនជាគោលដៅទេសចរណ៍មូស្លីមប្រកបដោយភាពកក់ក្ដៅ សុវត្ថិភាព និងទំនុកចិត្ត

ចែករំលែក៖

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាគណៈអធិបតី និងថ្លែងសុន្ទរកថាក្នុងពិធីបើកសម្ពោពពិព័រណ៍ឧបករណ៍ផ្ទះបាយសម្រាប់ផ្ទះ និងពាណិជ្ជកម្មអន្តរជាតិ (Home & Commercial Kitchen Exhibition) ដែលរៀបចំដោយក្រុមហ៊ុន Universal Alliance Co. Ltd នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥នេះ នាសណ្ឋាគារហ៊ីម៉ាវារី។

កម្មវិធីពិព័រណ៍ដែលផ្តោតលើការបង្ហាញនូវឧបករណ៍ផ្ទះបាយទំនើប និងបច្ចេកវិទ្យាចុងក្រោយសម្រាប់វិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ព្រមទាំងការបង្ហាញពីស្តង់ដារអាហារហាឡា (Halal standard) សម្រាប់ជួយលើសុវត្ថិភាពម្ហូបអាហារ មានការចូលរួមពីសំណាក់លោក Shaharuddin Bin Onn ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពម៉ាឡេស៊ីប្រចាំកម្ពុជា, លោកបណ្ឌិត Santo Darmo Sumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពឥណ្ឌូណេស៊ីប្រចាំកម្ពុជា, លោក​-លោកស្រី​ជារដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការ និងតំណាងអង្គទូតវៀតណាម សិង្ហបូរី ចុងភៅប្រចាំសណ្ឋាគារល្បីៗ ពីប្រទេសម៉ាឡេស៊ី និងកម្ពុជា ភ្ញៀវកិត្តយសជាតិ និងអន្តរជាតិជាង១០០នាក់។

ថ្លែងក្នុងឱកាសដ៏មានសារៈសំខាន់សម្រាប់វិស័យទេសចរណ៍កម្ពុជា លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថាពិព័រណ៌អន្តរជាតិនៅថ្ងៃនេះ​ ពិតជាបាន​បង្ហាញឱ្យឃើញពី​កាលានុវត្តភាពកាន់តែប្រសើរ​ឡើងសម្រាប់កម្ពុជា​ក្នុងការច្បាមយកឱកាស និងធ្វើពិពិធកម្មទីផ្សារទេសចរណ៍ ដើម្បីពង្រឹង និងពង្រីក​សក្ដានុពល​វិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយ ការត្រៀមខ្លួនជាស្រេចដើម្បីចាប់យកទីផ្សារទេសចរណ៍មូស្លីមដែលជាទីផ្សារប្រកបដោយសក្តានុពលមួយ  មកបំពេញបន្ថែមទីផ្សារអន្តរជាតិដែលមានស្រាប់សំដៅជំរុញការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។ 

សូមជម្រាបជូនថា ពិព័រណ៌នេះ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែតុលា ដោយមានការដាក់តាំងពិព័រណ៍នូវឧបករណ៍បរិក្ខារផ្ទះបាយដ៏ទំនើបៗ និងសេវាកម្មទេសចរណ៍៕ដោយ​៖តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print