ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ មនុស្សវ័យចាស់ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្លាំងណាស់ គឺមិនទុកឱ្យមនុស្សវ័យចាស់រស់នៅក្នុងភាពឯកកោឡើយ។ បើមានកាេខ្វះខាតអ្វីមួយ សូមមនុស្សវ័យចាស់ទាំងអស់ទាក់ទងមកសង្កាត់ ខណ្ឌ នោះអាជ្ញាធរនឹងជួយឧបត្ដមភ្លាម ពោលគឺមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយឡើយ។
លោក ឃួង ស្រេង បានបញ្ជាក់បែបនេះ ក្នុងពិធីសំណេះ សំណាលមនុស្សវ័យចាស់ ខួបលើកទី២៧ នៃទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ១ តុលា ឆ្នាំ២០២៥ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ សម្តេចទាំងទ្វេបានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះមនុស្សចាស់ ពោលគឺមិនទុកឱ្យមនុស្សវ័យចាស់រស់នៅក្នុងភាពឯកកោឡើយ ហើយក៏មិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយដែរ។ បើគណបក្សប្រជាជនកម្ពុជានៅកាន់អំណាច គោលនយោបាយនេះនៅតែអនុវត្តជារៀងរហូត។
លោក ឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ យកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះមនុស្សចាស់ ជាមួយនិងការគៀងគរសប្បុរសជនរកចំណូល ជួយដល់មនុស្សចាស់ មើលការខុសត្រូវមនុស្សចាស់ មានបញ្ហាអ្វីមួយត្រូវជួយពួកគាត់ភ្លាម ពោលគឺមិនត្រូវទុកឱ្យពួកគាត់ទទួលនូវភាពឯកកោឡើយ។
លោក ឃួង ស្រេង ស្នើឱ្យលោក អ៊ុំ លោកពូ អ្នកមីង វ័យចាស់និងប្រជាពលរដ្ឋទាំងអស់ សូមជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្នុងកិច្ចការពារបូរណភាពទឹកដី ពីចោរសៀមឈ្លានពាន។ ការបង្កើតឱ្យមានកម្មវិធីជួបសំណេះសំណាលសួរសុខទុក្ខមនុស្សវ័យចាស់ក្នុងរាជធានីភ្នំពេញនេះធ្វើឡើង ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះមនុស្សចាស់ ដែលពួកគាត់កន្លងមកបានយកអស់កម្លាំងកាយចិត្ត ក្នុងការបំរើជាតិមាតុភូមិ និងអបអរសាទរ ខួបលើកទី២៧ នៃទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ១ ខែតុលា ឆ្នាំ២០២៥ក្រោមប្រធានបទ មនុស្សចាស់ដោយសេចក្តីថ្លៃថ្នូរ ។
លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា៖ អំណោយដែលផ្តល់ជូនលោក អ៊ុំ លោកពូ អ្នកមីង វ័យចាស់ទាំង៥២៥ នាក់នាពេលនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដោយក្នុង០១រូបៗ ទទួលបានអង្គរចំនួន ២៥ គីឡូក្រាម, ភួយ០១,ក្រមា០១, ត្រីខ០១យូរ ,មី០១ កេសតូច,ទឹកបរិសុទ្ធ០១កេសនិងថវិកា ចំនួន៥០,០០០រៀល។
លោក រឿន រិទ្ធីពង្ស ប្រធានស្តីទីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានបញ្ជាក់ថា៖ មនុស្សវ័យចាស់សរុបនៅក្នុងរាជធានីភ្នំពេញមានចំនួន១៤៥, ៨៩៩នាក់ ស្រី៧៧,២១៤នាក់។ មនុស្សវ័យចាស់ទទួលបា នបណ្ណសមធម៌សរុបចំនួន១៦,៦៨៥នាក់ (ក្នុងគ្រួសារសរុបចំនួន ៣៣,៩៥០គ្រួសារ)។ មនុស្សវ័យចាស់ទទួលប្រាក់ ឧបត្ថម្ភប្រចាំខែក្នុងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារចំនួន១៤,៦១៨នាក់។
លោក រឿន រិទ្ធីពង្ស បានបញ្ជាក់ថា៖ បច្ចុប្បន្នមនុស្សវ័យចាស់ស្ថិតក្នុងសមាគមមនុស្សចាស់តាមសង្កាត់សរុបមានចំនួន១៤៥,៨៩៩នាក់ស្រី៧៧,២១៥នាក់មានសមាគមដំណើរ ការសរុប៨៧សមាគមក្នុងចំណោម ១០៥សមាគមក្នុងខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ។មនុស្សវ័យចាស់ជាអតីតយុទ្ធ ជនកំពុងទទួលរបបគោលនយោបាយសរុបចំនួន១៤,៧៦៣ នាក់និងមនុស្សវ័យចាស់ជាអតីតមន្ត្រីរាជការស៊ីវិលទទួលបានរបបគោលនយោបាយសរុបចំនួន១៧,៦៩២នាក់៕
