ខេត្តបន្ទាយមានជ័យៈ ផ្ទះចំនួន៤ល្វែងលក់សម្ភារៈនិងខោអាវកីឡា ត្រូវបានអគ្គិភ័យឆាបឆេះនៅវេលាម៉ោង៤និង៥០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅចំណុចកែងសាំបូរីផ្លូវដើមពុទ្រ្ទា ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ ក្រោយពីទទួលបានព័ត៌មានពីហេតុការណ៍នៃគ្រោះអគ្គិភ័យនេះ លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរង ផែនការងារអន្តោប្រវេសន៍ រួមមានលោកវរសេនីយ៍ឯក អ៊ុយ អ៊ូ ស្នងការរង បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ ដោយមានការចូលរួមសហការពីកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កម្លាំងសឹករងក្រុងប៉ោយប៉ែត រដ្ឋបាលក្រុង រដ្ឋបាលសង្កាត់អូរជ្រៅ ព្រមទាំងកម្លាំងចម្រុះនិងក្រុមសង្គ្រោះបឋមក្រុងប៉ោយប៉ែត បានចុះមកជួយអន្តរាគមន៍ពន្លត់អគ្គិភ័យ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៦គ្រឿង ក្នុងនោះមានរថយន្តពន្លត់អគ្គិភ័យអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតចំនួន០១ គ្រឿង, រថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុន TROPICANA ចំនួន០២គ្រឿង, រថយន្តពន្លត់អគ្គិភ័យរដ្ឋបាលក្រុងប៉ោយប៉ែត ចំនួន០១គ្រឿង, រថយន្តពន្លត់អគ្គិភ័យ ក្រុមហ៊ុនប៉ោយប៉ែតរីសតចំនួន០១ គ្រឿង, រថយន្តពន្លត់អគ្គិភ័យក្រុមសង្រ្គោះបឋមក្រុងប៉ោយប៉ែតចំនួន០១គ្រឿង។ ក្នុងកិច្ចប្រតិបត្តិការនេះប្រើប្រាស់ទឹកអស់ចំនួន៤រថយន្តទើបគ្រប់គ្រងស្ថានការណ៍បាន ហើយភ្លើងបានរលត់ទាំងស្រុងនៅវេលាម៉ោង០៦និង២០នាទីព្រឹក ។
លោកអធិការបានបញ្ជាក់ថាៈម្ចាស់ផ្ទះលក់សម្ភារៈខោអាវកីឡាឈ្មោះ ផាន់ សុភក្តិ ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ។ចំពោះសម្ភារៈខូចខាតរួមមាន៖ ១.ឆេះជាន់ផ្ទាល់ដី ឡៅតឿ ៣ល្វែង(ជាកន្លែងដាក់ស្តុកសម្ភារ:លក់ដូរខោអាវកីឡានិងសម្ភារៈកីឡាផ្សេងៗទៀត)។២.ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាឃ្លិក។ ៣.ម៉ាស៊ីនធ្វើឈ្មោះអាវ ចំនួន០១គ្រឿង ។៤.ម៉ាស៊ីនអ៊ុតលេខ ចំនួន ០១គ្រឿង ។៥.ប្រអប់សៀវភៅដាក់លុយសន្សំចំនួន១ប្រហែល៥០០០ដុល្លារ។ ៦.សម្ភារៈទូតាំងនិងខោអាវខូចខាតព្រមទាំងរបស់ផ្សេងៗ ៩០%(សរុបទឹកប្រាក់ប្រហែល២០ម៉ឺនដុល្លារ)។ ករណីនេះមិនបង្កឲ្យមនុស្សមានគ្រោះថ្នាក់នោះឡើយ ។ចំពោះមូលហេតុ: បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ៕
ដោយ៖ វណ្ណា
