លោក កែវ រ៉េមី ៖ ចរន្តនៃក្រុមជ្រុលនិយមថៃបាននិងកំពុងទិតៀនវាយប្រហារយ៉ាងចាស់ដៃទៅលើលោកជំទាវសមាជិកព្រឹទ្ធសភា Angkhana Neelapaijit រហូតដាក់សម្ពាធឲ្យលោកជំទាវលាលែងចេញពីសមាជិកព្រឹទ្ធសភាទៀតផង

ចែករំលែក៖

ភ្នំពេញ ៖ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នៅយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ បានបង្ហោះថា ៖ ចរន្តនៃក្រុមជ្រុលនិយមថៃបាននិងកំពុងទិតៀនវាយប្រហារយ៉ាងចាស់ដៃទៅលើលោកជំទាវសមាជិកព្រឹទ្ធសភា Angkhana Neelapaijit រហូតដាក់សម្ពាធឲ្យលោកជំទាវលាលែងចេញពីសមាជិកព្រឹទ្ធសភាទៀតផង ដោយចោទប្រកាន់ថាគាត់មានបេះដូងជាខ្មែរក្នុងការរិះគន់កន្លងមកទៅលើក្រុមទាហានថៃបើកដៃឲ្យបុគ្គល កាន់ ចមផាឡាំង ប្រើសំឡេងរំខាន បំភិតបំភ័យ យាយីផ្លូវចិត្តដល់ប្រជាជនខ្មែរដែលរស់នៅភូមិជោគជ័យ និង ភូមិព្រៃចាន់បានធ្វើឲ្យប៉ះពាល់មុខមាត់ប្រទេសថៃនៅលើឆាកអន្តរជាតិ។

ជាការពិតណាស់ អ្វីដែលលោកជំទាវ Angkhana Neelapaijit បានប្រតិកម្ម មិនមែនគាំទ្រដល់ខ្មែរនោះទេ តែផ្ទុយទៅវិញគឺគាត់បាននិងកំពុងលើកមុខមាត់ឲ្យរាជរដ្ឋាភិបាលថៃនៅលើឆាកអន្តរជាតិបានបង្ហាញថានៅក្នុងប្រទេសថៃនៅមានបញ្ញវ័ន្តចេះដឹងខុសត្រូវ នៅមានអ្នកជំនាញច្បាប់ជាតិ ច្បាប់អន្តរជាតិ និងច្បាប់សិទ្ធិមនុស្ស។ មុនពេលលោកជំទាវប្រតិកម្ម មិត្តភ័ក្តិអន្តរជាតិទាំងឡាយនៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅក្រៅស្រុកបាននិយាយប្រាប់ខ្ញុំថា: ការយល់ដឹងរបស់ទាហានថៃ និងនាយករដ្ឋមន្ត្រីថៃដូចកូនក្មេងបៀមដៃ គ្មានការយល់ដឹងពីច្បាប់អន្តរជាតិទាល់តែសោះ មិត្តអឺរ៉ុបខ្លះទៀតនិយាយថាសមត្ថភាពនាយករដ្ឋមន្រ្តីថៃដែលមិនកើតចេញពីឆន្ទ:រាស្ត្រមើលទៅមានកម្រិត។

ដោយឡែកសម្រាប់ខ្លួនខ្ញុំផ្ទាល់ នៅពេលដែលបានឃើញការលើកឡើងរបស់លោកជំទាវសមាជិកព្រឹទ្ធសភាថៃ និងឥស្សរជនថៃដទៃទៀតបានធ្វើឲ្យខ្ញុំមានការផ្លាស់ប្តូរនូវទស្សន: ផ្ទាល់ខ្លួនមួយចំនួនដោយយល់ថាប្រទេសថៃនៅមាននិងសម្បូរអ្នកចេះដឹងបើទោះជាអ្នកខ្លះហ៊ាននិយាយ ឬ អ្នកខ្លះទៀតមិនហ៊ាននិយាយក៏ដោយក៏ពួកគេមិនឯកភាពនូវទង្វើថោកទាបនេះដែរ។ រាល់ការនិយាយស្តីរបស់ខ្ញុំៗត្រូវមានការប្រុងប្រយត្ន័ជាងមុនត្រូវបែកចែកឲ្យច្បាស់ចំពោះក្រុមជ្រុលនិយម និងមិនជ្រុលនិយម។ ទង្វើព្រៃផ្សៃរបស់ក្រុមជ្រុលនិយមមិនឆ្លុះបញ្ចាំងនូវសង្គមថៃទាំមូលនោះទេ។ ខ្ញុំដឹងច្បាស់ថាគាត់ជាជនជាតិថៃច្បាស់ណាស់គាត់មិនបម្រើផលប្រយោជន៍ឲ្យជាតិសាសន៍ដទៃជាងជាតិសាសន៍របស់ខ្លួន។ ការទិតៀនប្រតិកម្មតបរបស់ក្រុមគាំទ្រដោយទាហានថៃ និង រាជរដ្ឋាភិបាលថៃប្រៀបបីដូចកូនសត្វស្លាបមួយក្បាលដែលមិនបានដឹងពីគំនិតរបស់សត្វឥន្រ្ទីនោះទេ។ ហេតុអ្វីបានជាខ្ញុំសរសើរគាត់ពីព្រោះប្រទេសខ្ញុំត្រូវការអ្នកជិតខាងល្អ ត្រូវការមនុស្សល្អមានការយល់យោគគ្នា រួមគ្នារក្សានូវសន្តិភាព ស្ថេរភាព និងអភិវឌ្ឍន៍សេដ្ឋកិច្ចដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរនៅតាមព្រំដែនកម្ពុជា-ថៃ។ ការបាត់បង់លោកជំទាវព្រឹទ្ធសភា Angkhana Neelapaijit គឺជាការបាត់បង់នូវធនធានដ៏កម្ររបស់ប្រទេសថៃ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print