ខេត្តកណ្ដាល÷ គួរឲ្យសង្វេគជាពន់ពេក! បុរសម្នាក់បានដាច់ខ្យល់ស្លាប់យ៉ាងអណោចអធម្ម ខណៈដែលរូបគាត់ដេកលើគ្រែក្រោមសំយ៉ាបមុខផ្ទះ ហើយធ្លាក់ផ្កាប់មុខចូលទៅក្នុងទឹកភ្លៀងដែលជន់លិចដល់ជង្គង់ប៉ុណ្ណោះ។ ឧបទ្ទវហេតុដ៏គួរឲ្យសោកសៅនេះបានកើតឡើងនៅវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២៥ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ក្នុងភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង។
លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផល ភ័ក្រ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរជាកម្មករ និងរស់នៅម្នាក់ឯងក្នុងភូមិឃុំកើតហេតុ។ លោកអធិការបានបន្តថា ជនរងគ្រោះតែងតែទិញស្រាថ្នាំមកផឹកជាប្រចាំទាំងមានជំងឺលើសជាតិអាស៊ីត និងទន់ក្បាលជង្គង់។ បច្ចុប្បន្នផ្ទះគាត់កំពុងលិចដោយសារទឹកភ្លៀងដល់ជម្រៅប្រហែល ០,៤០ម៉ែត្រ ទើបរូបគាត់ចេញមកដេកលើគ្រែមុខផ្ទះក្រោមសំយ៉ាប។
តាមការបំភ្លឺពីប្អូនស្រីបង្កើតរបស់ជនរងគ្រោះឈ្មោះ ផល ស្រីលក្ខ័ ភេទស្រី អាយុ ២៦ឆ្នាំ ប្រាប់សមត្ថកិច្ចថា នៅវេលាកើតហេតុ នាងបានប្រទះឃើញបងប្រុសរបស់ខ្លួនដេកផ្កាប់មុខក្នុងទឹកក្បែរជើងគ្រែ ដែលមានជម្រៅប្រហែល ០,៤០ម៉ែត្រ។ ប្អូនស្រីក៏បានស្រែកឆោឡោហៅសាច់ញាតិមកមើល ប៉ុន្តែជាអកុសល បងប្រុសរបស់នាងបានស្លាប់បាត់ទៅហើយ។
សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះទំនងជាបានផឹកស្រារួចហើយ ជាតិអាស៊ីតឡើងបណ្តាលឲ្យស្ពឹកដៃជើង ទើបធ្លាក់ពីលើគ្រែចូលទៅក្នុងទឹក ហើយមិនអាចក្រោកបានទើបបណ្តាលឲ្យឈ្លក់ទឹកស្លាប់។
ក្រោយពីកម្លាំងជំនាញពិនិត្យ និងធ្វើកោសល្យវិច័យយ៉ាងល្អិតល្អន់ ដោយមានការចូលរួមពីក្រុមគ្រូពេទ្យផងដែរ សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារឈ្លក់ទឹកមែន។ បច្ចុប្បន្ន សពរបស់ជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕