ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ១០រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចក្រឡាហោម ស ខេង សមាជិករដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានអញ្ជើញចូលរួមសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាទី៧ ក្រោមអធិបតីភាពសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដោមានវត្តមានសមាជិក សមាជិកា ចំនួន ១០៥រូប នៅវិមានរដ្ឋសភា។
សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាទី៧ មានរបៀបវារៈរួមមាន ៖
១-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្ដីពីក្របខ័ណ្ឌ បទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ាន។
២-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រម ព្រៀងអាស៊ានស្តីពីបម្លាស់ទីរូបវន្តបុគ្គល។
៣-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន។
៤-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីពីរ ធ្វើវិសោធនកម្ម កិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់។
៥-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្ដីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម៕
ដោយ ៖ សិលា