រដ្ឋមន្រ្តី ក្រសួង អភិវឌ្ឍន៍ ជនបទ ត្រូវបានលើកកម្រិតគុណភាពពីផ្លូវក្រាលល្បាយដី ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ និងក្រាលបេតុង ក្នុងស្រុក២ នៃខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ រដ្ឋមន្រ្តី ក្រសួង អភិវឌ្ឍន៍ ជនបទ បានបញ្ជាក់ថា ៖ ផ្លូវជនបទ ៤០គីឡូម៉ែត្រ ក្នុងស្រុក២ នៃខេត្តកំពង់ឆ្នាំង ត្រូវបានលើកកម្រិតគុណភាពពីផ្លូវក្រាលល្បាយដី ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ និងក្រាលបេតុង ។

សូមជម្រាបជូនថា ៖ នៅថ្ងៃទី ១៧ តុលា ឆ្នាំ២០២៥នេះ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តី ក្រសួង អភិវឌ្ឍន៍ ជនបទ និង លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បាន ចូលរួម ក្នុងពីធីបើកការដ្ឋានសាងសង់ផ្លូវជនបទដោយក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុង សរុបចំនួន ៦ខ្សែ ប្រវែងសរុប ៤០,៥០គ.ម. ក្នុងស្រុកទឹកផុស និងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ការលេីក កម្រិតគុណភាពផ្លូវឡេីងវិញ នេះ ជាគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) ដែលជាគម្រោងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយដៃគូរអភិវឌ្ឍន៍ មានដូចជាៈ (IFAD), (EIB) និង(EU-AIF) ដែលអនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ។ គម្រោងត្រូវស្ថាបនាជាផ្លូវក្រាលកៅស៊ូពីរជាន់ និងបេតុងសរុបចំនួន ៦៦ខ្សែ ប្រវែងសរុប ៥៣៧គ.ម, កែលម្អផ្សារសហគមន៍ចំនួន ៦ផ្សារ សាងសង់កំពង់ដសហគមន៍ចំនួន ៤ និងសាងសង់កន្លែងប្រមូលផ្តុំផលិតផលសម្រាប់បណ្តុំកសិករចំនួន ៥កន្លែង មានអ្នកទទួលផលសរុប ២៦១ ៤៧៦គ្រួសារ ស្មើនឹង ១ ១២៣ ៦៣៥នាក់ ក្នុងនោះស្រី ៥៧៥ ៧៦៧នាក់ នៅក្នុងខេត្តចំនួន១២ រួមមាន៖ ខេត្តកំពត តាកែវ កណ្តាល ស្វាយរៀង កំពង់ចាម កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។

បន្ទាប់ពីបានស្ដាប់សុន្ទរកថាស្វាគមន៍ និងរបាយការណ៍រួចមក លោក ឆាយ ឫទ្ធិសែន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ព្រមទាំងបានសម្ដែងសេចក្ដីសោមនស្សរីករាយ និងអបអរសារទរចំពោះបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង ពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកទឹកផុស និងស្រុកកំពង់ត្រឡាច ដែលទទួលបានសមិទ្ធិផលថ្មីនាឱកាសនេះ។ លោករដ្ឋមន្រ្ដី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាននិងបន្តយកចិត្តទុកដាក់ថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍លើផ្ទៃប្រទេស ព្រមទាំងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា ក្នុងគោលដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ លោករដ្ឋមន្រ្ដី ក៏បានបន្ដជម្រាបជូនអំពីគោលនយោបាយអភិវឌ្ឍន៍ជនបទ ដែលមានចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន និងចីរភាពទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” ដោយក្រសួងកំពុងយកចិត្តទុកដាក់លើការលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទ ដូចពាក្យស្លោក “មានផ្លូវគឺមានក្តីសង្ឃឹម”។ ជាចុងបញ្ចប់ លោករដ្ឋមន្រ្ដី បានគូសបញ្ជាក់ថា សមិទ្ធផលដែលសម្រេចបាន និងអង្គពិធីដ៏អធិកអធមនាពេលនេះ អាចប្រព្រឹត្តទៅបានគឺដោយសារគុណបំណាច់នៃ “សុខសន្តិភាព” ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវឯកភាពជាតិ និងសន្ដិភាពពេញលេញទូទាំងប្រទេស៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print