ខេត្តមណ្ឌលគិរី៖ មានការបង្ក្រាបក្រុមឈ្មួញជួញដូរបទល្មើសព្រៃឈើមួយបានធ្វើឲ្យ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពល រដ្ឋរស់នៅតាមដងផ្លូវជាតិលេខ៧៦ កាលពីព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦នេះ ខណៈសមត្ថកិច្ចចម្រុះប្រដេញប្រកិតនឹង រថយន្តដឹកឈើមួយគ្រឿងម៉ាកកាមរី បាឡែន ប៉ុន្តែត្រូវបានរារាំងដោយរថយន្ត មួយគ្រឿងទៀត បើកទៅពាំងពីមុខរថយន្តរបស់សមត្ថកិច្ច ដើម្បីបង្អាក់សមត្ថកិច្ចមិនឲ្យចាប់បង្ក្រាបរថយន្តដឹកឈើនោះបាន ។
គេបានឃើញរថយន្តជាច្រើនគ្រឿងរបស់សមត្ថកិច្ចជំនាញបានដាក់ពង្រាយគ្នាតាមផ្លូវជាតិលេខ៧៦ចាប់ពីចំណុចមុខដែន អភិរក្សជីវចម្រុះសីមា ក្នុងភូមិអូរអាម ឃុំ ស្រែក្ទម្ព ស្រុកកែវសីមា ដើម្បីស្ទាក់ចាប់រថយន្តដឹកបទល្មើសព្រៃឈើ ។ លុះនៅវេលា ម៉ោង ប្រមាណ១០និង៣០នាទី ថ្ងៃដដែល គេក៏ បានឃើញរថយន្តកាមរីបាឡែនពណ៌ទឹកប្រាក់បានបោះពួយយ៉ាងលឿនចេញពី តំបន់ព្រៃការពារ ដោយមានរថយន្តមួយគ្រឿងទៀតម៉ាកឡិចស៊ីស ពណ៌ខ្មៅ បាន បើកបិទគូទពីក្រោយ ។
ក្រោយពីប្រទះឃើញរថយន្តខាងលើ កំពុងធ្វើសកម្មភាពដឹកបទល្មើសជាក់ស្តែងបែបនេះកម្លាំងសមត្ថកិច្ចចម្រុះដែលបានត្រៀមរួចជាស្រេចក៏បានបើកប្រដេញចាប់ភ្លាមៗតែម្តង ។ ប៉ុន្តែការតាមបង្ក្រាបរថ យន្តដឹកឈើរបស់ជំនាញ ត្រូវបានរារាំងដោយរថយន្តរបស់មន្ត្រីសមត្ថកិច្ចម្នាក់ និងជាម្ចាស់រថយន្តកាមរីបាឡែនដឹកឈើ ទើបបណ្តាលឲ្យសមត្ថកិច្ចមិនអាចចាប់បង្ក្រាបរថយន្តដឹកឈើបាន ។
សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីប្រតិបត្តិការបង្ក្រាបរថយន្តដឹកឈើខុសច្បាប់ មិនបានសម្រេចសមត្ថកិច្ចជំនាញបាន ទំនាក់ទំនងសុំគោលការណ៍ថ្មី ពីព្រះរាជ អាជ្ញារងអមសាលាដំបូងខេត្ត ដោយបង្វែងពីការតាមចាប់រថយន្តដឹកឈើដែលរត់ បាត់ ទៅតាមឃាត់រថយន្តដែលបានរារាំងដល់កិច្ចការសមត្ថកិច្ចវិញ ។
សមត្ថកិច្ចបន្តថា ទម្រាំតែអាចឃាត់ រថយន្តដែលបើករារាំងនោះបាន ក្រុមកម្លាំងចម្រុះបានបើករថយន្តប្រដេញតាំងពីស្រុកកែវសីមា ខេត្តមណ្ឌលគិរី ឆ្លងទៅទឹកដី ស្រុកស្នួល ខេត្តក្រចេះ នៅចំណុចចម្ការ កៅស៊ូ ក្នុងភូមិសាស្ត្រឃុំឃ្សឹមហើយបានឃាត់ខ្លួនអ្នកបើកបរម្នាក់ជាសមត្ថកិច្ចមកកាងរថយន្តដឹកឈើ ។
ប្រភពបានឲ្យដឹងថាសមត្ថកិច្ចដែលត្រូវឃាត់ខ្លួននោះមានឈ្មោះ សេង សុផុន ដែលជាឈ្មួញរកស៊ីឈើក្នុងស្រុកកែវសីមារាប់ឆ្នាំមកហើយ ទោះជាមន្ត្រីជំនាញបាន ព្យាយាមហាមឃាត់មិនឲ្យឈ្មោះនេះរកស៊ី ឈើជាច្រើនដង ប៉ុន្តែគាត់មិនដែលស្តាប់ តាមនោះទេ គឺឲ្យតែមានឱកាសល្អគាត់តែង លួចដឹកឈើចេញពីព្រៃអភិរក្សរហូត ។ មិន ត្រឹមតែប៉ុណ្ណោះឈ្មោះសេង សុផុន នៅមានបងប្រុសបង្កើតម្នាក់ទៀតជាមន្ត្រីយោធា អតីតមេបញ្ជាការកងអនុសេនាធំលេខ៣ ស្រុកកោះញែកឈ្មោះ ហ៊ឹម សុផាត(បច្ចុ ប្បន្នធ្វើការនៅតំបន់ប្រតិបត្តិការសឹករង ខេត្ត) ។ ជាងនេះទៅទៀតឈ្មោះ ហ៊ឹម សុផាត កាលពីពេលកន្លងទៅថ្មីៗនេះ ព្រោះតែព្យាយាមបើករថយន្តម៉ាកឡិច ស៊ីសកូនកាត់៣៣០ដឹកឈើគេចពីការ ប្រមាញ់របស់សមត្ថកិច្ច ក៏ជួបគ្រោះថ្នាក់ ចរាចរណ៍ប៊ិះតែនឹងអស់ជីវិតរួចគេចខ្លួន បានមួយរយៈឥឡូវនេះក៏ឃើញមុខមករកស៊ីដឹកឈើនៅស្រុកកែវសីមាលើសមុនទៅទៀត ។
នាយសង្កាត់រដ្ឋបាលព្រៃឈើស្រែព្រះ ចុងផ្លាស់ លោក ស្រ៊ុន ឈួន បានឲ្យដឹងថាមន្រ្តីសមត្ថកិច្ចដែលត្រូវឃាត់ខ្លួនខាងលើ ជំនាញកំពុងធ្វើកំណត់ហេតុបញ្ជូនទៅ ខណ្ឌរដ្ឋបាលព្រៃឈើខេត្ត រួមជាមួយរថ យន្តមួយគ្រឿងម៉ាកឡិចស៊ីស៤៥០ ពណ៌ ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១AZ-៣០៦០ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ព្រោះជននេះបានរារាំងដល់កិច្ចការរបស់សមត្ថកិច្ចនិងជំនាញរដ្ឋ បាលព្រៃឈើ ដែលកំពុងបំពេញភារកិច្ចក្នុងការបង្រ្កាបបទល្មើសព្រៃឈើ ៕
ដោយ៖ ឦសាន