ខេត្តកំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាមបានអះអាងថា សួន តេជោសន្តិភាពនឹងលេចជារូបរាងឡើងនៅក្បែរសំណង់វិមានឯករាជ្យ តំបន់ទន្លេអុំ ក្រុងកំពង់ចាម ក្នុងឆ្នាំ២០២៦ខាងមុខនេះ ។
ការថ្លែងបែបនេះក្នុងឱកាសដែលលោកអញ្ជើញក្នុងពិធីបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅឆ្នាំ២០២៦ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ម៉ៅ វិបុល អនុរដ្ឋលេខាធិការក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ។
ថ្លែងក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា សួនតេជោ សន្តិភាព គឺជាការអភិវឌ្ឍតំបន់ទន្លេអុំ ក្រុងកំពង់ចាម ឱ្យក្លាយទៅជាតំបន់ទេសចរណ៍ ដោយមានការពង្រីកផ្លូវ និងការកសាងច្រាំងទន្លេអុំជាបេតុង ធ្វើយ៉ាងណាឱ្យក្នុងទន្លេអុំនេះមានទឹកកម្ពស់យ៉ាងតិច ៣ម៉ែត្រ ដែលយើងអាចនឹងជិះទូកលេងកម្សាន្តបាន ពោលគឺសមិទ្ធផលថ្មីនេះ នឹងចាប់ផ្តើមកសាងឡើងក្នុងឆ្នាំ២០២៦ខាងមុខនេះ ហើយគ្រោងដាក់សម្ពោធរួមជាមួយនឹង ការពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ស្គន់-កំពង់ចាម ទៀតផង ។
ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានស្នើឱ្យមន្ទីររៀបចំដែនដី រដ្ឋបាលក្រុង ស្រុក ត្រូវសហការជាមួយរដ្ឋបាលខេត្ត ដែលមានដីបម្រុងទុកសម្រាប់អភិវឌ្ឍន៍ ដោយត្រូវកសាងផែនទីដីរដ្ឋ ចុះ បោះបង្គោល លើកប៉ាណូ នៅទីតាំងដី និងមានវិធានការការពារ ទប់ស្កាត់ការចូលទន្ទ្រាន ពោលគឺ ត្រូវពង្រឹងការគ្រប់គ្រងវិស័យសំណង់ ដោយចាត់វិធានការតឹងរឹង ក្នុងការទប់ស្កាត់ ការសាងសង់ រំលោភលើដីសាធារណៈរបស់រដ្ឋ ការសាងសង់ គ្មានលិខិតអនុញ្ញាត ការសាងសង់ខុសលិខិតអនុ ញ្ញាត និងការសាងសង់សំណង់មិនរៀបរយ ដើម្បី ចៀសវាងការប៉ះពាល់ដល់សោភណភាព សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងបរិស្ថានផងដែរ ៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម