ខេត្តព្រៃវែង៖ គិតត្រឹមថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ នេះ ដំណើរការសាងសង់ប្រព័ន្ធធារាសាស្ត្របន្លិចប្រាសាទ ស្ថិតនៅក្នុងឃុំប្រាសាទខាងជើង ស្រុកពាមរក៍ ខេត្តព្រៃវែង សម្រេចលទ្ធផលបានប្រមាណ ៩០ភាគរយហើយ ។
ប្រព័ន្ធធារាសាស្ត្របន្លិចប្រាសាទត្រូវបានក្រសួងធនធានទឹក និងឧតុនិយម បើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយមានទំហំការងារ៖
១-សាងសង់ស្ថានីយបូមទឹក ចំនួន ០១ កន្លែង ដោយបំពាក់ម៉ូទ័រ ចំនួន ០៣ គ្រឿង ។
២-សាងសង់ប្រឡាយមេបេតុង ចំនួន ០១ ខ្សែ ប្រវែង ១.៥០០ ម៉ែត្រ ។
៣-សាងសង់ប្រឡាយរងបេតុង ចំនួន ០៥ ខ្សែ សរុបប្រវែង ៥.០០០ ម៉ែត្រ ។
៤-សាងសង់អាគារសហគមន៍ ចំនួន ០១ ខ្នង ទំហំ ៨ ម៉ែត្រ x ១១ ម៉ែត្រ ។
នៅពេលសាងសង់រួច តាមរយៈការទាញយកទឹកពីទន្លេតូចពាមរក៍ ប្រព័ន្ធធារាសាស្ត្របន្លិចប្រាសាទ មានសមត្ថភាពផ្តល់ទឹកសម្រាប់បម្រើឲ្យការងារបង្កបង្កើនផលស្រូវរបស់បងប្អូនប្រជាកសិករបាន០៣ដងក្នុង០១ឆ្នាំ លើផ្ទៃដីប្រមាណ ៣០០ហិកតា ៕
ដោយ៖ សីលា