កម្ពុជា-ថៃ ឯកភាពគ្នាលើយន្តការមួយចំនួន ដើម្បីកាត់បន្ថយភាពតានតឹងផ្នែកយោធា

ចែករំលែក៖

ប្រទេសម៉ាឡេសុី ៖ កម្ពុជា-ថៃ ឯកភាពគ្នាលើយន្តការមួយចំនួន ដើម្បីកាត់បន្ថយភាពតានតឹងផ្នែកយោធា តាមរយៈការកសាងពង្រាងដំបូងនៃឯកសារការងារ សម្រួលអាវុធធន់ធ្ងន់ ដែលមាន សមត្ថភាពបំផ្លាញខ្លាំង និងយោធូករណ៍ ឱ្យត្រឡប់ទៅមូលដ្ឋានដើមវិញ។ នេះបើតាមលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី២ GBC ដែលបញ្ជាក់ដោយលោក ឧបនាយករដ្ឋមន្ត្រី ទៀ សីហា។

ក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំ GBC បញ្ចប់ លោករដ្ឋមន្ត្រី ទៀ សីហា បញ្ជាក់ទៀតថា ការអនុវត្តផែនការនេះ ត្រូវធ្វើឡើងក្រោមការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលឯកសារលក្ខខណ្ឌប្រតិបត្តិ(TOR) ក្នុងការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) នេះ ត្រូវបានចុះហត្ថលេខាដោយគណៈកម្មការ GBC នៅថ្ងៃទី២៣ ខែតុលានេះ។
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) នេះ គឺធ្វើបន្តពីកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ប្រទេសកម្ពុជា ដើម្បីពិនិត្យលើលទ្ធផលនៃការអនុវត្តគោលការណ៍ឯកភាពគ្នាដែលសម្រេចនៅក្នុងកិច្ចប្រជុំវិសាមញ្ញរបស់ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។
អ្នកនាំពាក្យក្រសួងការពារជាតិបានអះអាងបន្តថា កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) នាពេលនេះនឹងទទួលបានលទ្ធផលជាវិជ្ជមានបន្ថែមទៀត ដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរអាចបន្តជំរុញការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពពេញលេញ សំដៅនាំមកនូវសន្តិភាព ស្ថិរភាព និងការវិលត្រឡប់ទៅរកប្រក្រតីភាពវិញបានឆាប់រហ័ស៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print