ខេត្តព្រៃវែង៖ លោក សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឈប់បោះសំរាមចោលតាមដងផ្លូវ និងចូលរួមសាមគ្គីគ្នាសម្អាត និងថែរក្សាបរិស្ថានទាំងអស់គ្នា ដើម្បីប្រែក្លាយខេត្តព្រៃវែង ជាពិសេសស្រុកស្វាយអន្ទរ ឱ្យក្លាយជាតំបន់ដែលមានសោភណភាពស្អាត ពោរពេញទៅដោយពណ៌បៃតង និងគ្មានសំរាមនៅតាមទីសាធារណៈ។
ការអំពាវនាវនេះនាឱកាសដែលលោកដឹកនាំយុទ្ធនាការសម្អាតអនាម័យបរិស្ថាន នៅតាមបណ្តាក្រុងស្រុកក្នុងខេត្តព្រៃវែង រួមទាំងស្រុកស្វាយអន្ទរផង ដែលបានប្រព្រឹត្តទៅយ៉ាងសស្រាក់សស្រាំ និងទទួលបានការចូលរួមយ៉ាងផុសផុលពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូប។
លោកអភិបាលខេត្ត មានប្រសាសន៍បន្តថា យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងចម្បង ដើម្បីបង្កើនការយល់ដឹង និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមយ៉ាងសកម្មក្នុងការថែរក្សាអនាម័យបរិស្ថាន សោភណភាពទីសាធារណៈ និងការវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ ទាំងនៅតាមគេហដ្ឋាន និងសហគមន៍។
លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ការងារបរិស្ថានស្អាតមិនមែនជាការទទួលខុសត្រូវរបស់បុគ្គល ឬស្ថាប័នណាមួយឡើយ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា ដើម្បីធានាបាននូវសុខភាពល្អ និងបរិស្ថានស្អាត ស្របតាមពាក្យស្លោក “កម្ពុជាស្អាត ខ្មែរធ្វើបាន”។
លោកអភិបាលខេត្ត បានលើកឡើងពីបញ្ហាប្រឈមធ្ងន់ធ្ងរនៃសំរាម និងសំណល់ប្លាស្ទិក ដែលមិនត្រឹមតែប៉ះពាល់ដល់សោភណភាពទីក្រុងប៉ុណ្ណោះទេ ថែមទាំងបង្កផលប៉ះពាល់ដល់បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី សុខភាពសាធារណៈ និងសេដ្ឋកិច្ចជាតិទៀតផង។
គួររំលឹកថា យុទ្ធនាការសម្អាតអនាម័យបរិស្ថាននេះ ត្រូវបានរដ្ឋបាលខេត្តកំណត់ឱ្យអនុវត្ត ជារៀងរាល់ថ្ងៃព្រហស្បតិ៍ នៅតាមទីសាធារណៈ និងស្ថាប័នរៀងៗខ្លួន នៅទូទាំង ១៣ ក្រុង-ស្រុក នៃខេត្តព្រៃវែង ដើម្បីធ្វើយ៉ាងណាឱ្យខេត្តព្រៃវែងក្លាយជាខេត្តដែលមិនមានសំរាម ជាខេត្តមានអនាម័យល្អស្អាត គួរជាទីចាប់អារម្មណ៍នៃភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ៕

ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង










