ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនទីក្រុងឆឹងទូ ឈុងឈីង និងម៉ាឡេស៊ី

ចែករំលែក៖

ភ្នំពេញ​៖​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ CDC​ នៅរសៀលថ្ងៃទី​២៤​ ខែតុលា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនមកពីទីក្រុងឆឹងទូ ឈុងឈីង និងប្រទេសម៉ាទ្បេស៊ី ដឹកនាំដោយលោកសាស្ត្រាចារ្យបណ្ឌិត Tan Yew Kuan នាយកប្រតិបត្តិ Asia Pacific Top Excellence Brand Committee និងលោក Gan Dehong ប្រធានសភាពាណិជ្ជកម្ម Chengdu Machinery Manufacturing កាលពីម្សិលមិញនេះ​នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ ។

សូមបញ្ជាក់ជូនផងដែរថា គណៈប្រតិភូវិនិយោគិនមកពីទីក្រុងឆឹងទូ ឈុងឈីង និងប្រទេសម៉ាទ្បេស៊ីនេះមានកម្មវត្ថុអាជីវកម្មក្នុងវិស័យកម្មន្ដសាល, ការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់, ឧបករណ៍អគ្គិសនី និងមេកានិច, គ្រឿងម៉ាស៊ីនឆ្លាតវៃ, ការវេចខ្ចប់, ការផលិត និងកែច្នៃ ព្រមទាំងវិស័យអចលនទ្រព្យ។

ជាកិច្ចចាប់ផ្តើម លោកអគ្គលេខាធិការរង​ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូដែលបានចំណាយពេលវេលាដ៏មានតម្លៃមកធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់នៅកម្ពុជា ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីបរិយាកាសនៅកម្ពុជា។ លោកអគ្គលេខាធិការរងបានជម្រាបជូនគណៈប្រតិភូអំពីច្បាប់ស្តីពីវិនិយោគ របបលើកទឹកចិត្តដែលប្រកបដោយភាពទាក់ទាញ សក្តានុពលវិនិយោគក្នុងវិស័យអាទិភាពមួយចំនួន និងគោលនយោបាយដើម្បីលើកកម្ពស់បរិស្ថានវិនិយោគនិងធុរកិច្ចនៅកម្ពុជា។  

លោក Gan Dehong ប្រធានសភាពាណិជ្ជកម្ម Chengdu Machinery Manufacturing បានថ្លែងអំណរគុណចំពោះឯកឧត្តមអគ្គលេខាធិការរងដែលបានចំណាយពេលវេលាទទួលជួបគណៈប្រតិភូនាពេលនេះ និងព្រមទាំងបានអត្ថាធិប្បាយលម្អិតអំពីស្ថានភាពវិនិយោគនៅកម្ពុជាជូនគណៈប្រតិភូ។ លោក Gan Dehong ក៏បានមានការកត់សម្គាល់ឃើញថា កម្ពុជាពិតជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាមួយនឹងរំហូរនៃការវិនិយោគបានចូលមកកម្ពុជាកាន់តែច្រើនឡើងៗក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយម្យ៉ាងទៀតរាជរដ្ឋាភិបាលកម្ពុជាតែងតែស្តាប់នូវមតិយោបល់របស់សហគមន៍វិនិយោគដើម្បីកែលម្អបរិស្ថានវិនិយោគនៅកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែង។ 

ស្របជាមួយនេះ លោកប្រធានគណៈប្រតិភូបានធ្វើការវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារប្រកបដោយវិជ្ជាជីវៈរបស់គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការទាក់ទាញវិនិយោគ និងថែទាំវិនិយោគ ហើយបានសន្យានឹងធ្វើការពាំនាំព័ត៌មានសំខាន់ៗដែលទទួលបាន និងទិដ្ឋភាពជាក់ស្តែងដែលបានឃើញដោយផ្ទាល់នាពេលនេះ ដើម្បីចែករម្លែកជាមួយសមាជិកនិងបណ្តាញធុរកិច្ចនិងវិនិយោគរបស់ខ្លួនដើម្បីពិនិត្យលទ្ធភាពមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print