ភ្នំពេញ ៖ សូមជូនពរសម្តេច និងលោកជំទាវ ព្រមទាំងគណៈប្រតិភូ សុវត្ថិភាព និងសូមជូនពរឲ្យសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពពេញលេញជាមួយថៃ នាំមកជូនជាតិមាតុភូមិ។
សូមជម្រាបថា ៖ នារសៀលថ្ងៃទី២៥ ខែតុលានេះ សម្តេចនាយករដ្ឋ មន្ត្រី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចេញដំណើរចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើក ទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលប្រព្រឹត្តទៅពីថ្ងៃទី២៥–២៨ ខែតុលា ឆ្នាំ២០២៥។ ក្នុងដំណើរនេះ សម្តេច នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ជាមួយនាយករដ្ឋមន្ត្រីប្រទេសថៃ ក្រោមអធិបតីភាព លោក ដូ ណាល់ត្រាំ ប្រធានាធិបតីអាម៉េរិក។
ដំណើរចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធ នេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោក ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី និងជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៥។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា អំឡុងពេលស្នាក់នៅទីក្រុងគូឡាឡាំពួ សម្ដេច ហ៊ុន ម៉ាណែត នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំអាស៊ាន និងពិភពលោក មួយចំនួន ផងដែរ ដើម្បីពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនងទ្វេភាគី លើ បញ្ហានានា ដែលមានផលប្រយោជន៍ទៅវិញទៅមក និងក្តីកង្វល់រួម។
ជាពិសេស សម្តេច ហ៊ុន ម៉ាណែត នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ជាមួយថ្នាក់ដឹកនាំប្រទេសថៃ ក្រោមអធិបតីភាព លោក ដូ ណាល់ត្រាំ ប្រធានាធិបតីអាម៉េរិកផងដែរ។ ក្រសួងការបរទេសបានបញ្ជក់ថា កិច្ចព្រម ព្រៀងសន្តិភាពនេះ គឺឯកសារដ៏សំខាន់ក្នុងការធានាដល់បទឈប់បាញ់ និងការឈានឆ្ពោះទៅរកសន្តិភាពតាមព្រំដែនរវាងកម្ពុជា និងថៃ៕
ដោយ ៖ សិលា









