បាត់ដំបង ៖ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យនគរបាលប្រឆាំងគ្រឿង នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១៨និង៣០នាទី បានចុះប្រតិបត្តិការបង្ក្រាបបានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី នៅចំណុចភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ យ៉ែម រដ្ឋ ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៨ថង់ ទម្ងន់ ៣៣៦,១១ក្រាម, ទូរស័ព្ទដៃចំនួន ០១គ្រឿង, ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន ០១គ្រឿង, ថង់ប្លាស្ទិកតូចៗពណ៌សថ្លាមួយចំនួន ។
ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ និងដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបង កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានបន្តកិច្ចប្រតិបត្តិការ រហូតឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ម្នាក់ទៀត នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១៨:០០នាទី នៅចំណុចភូមិអំពិលប្រាំដើម ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង ។ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ហុង ផានី ហៅ ចិន ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លាក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ខេត្តបាត់ដំបង នាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។ វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៤ថង់ ទម្ងន់ ១៩៨,៧០ក្រាម, ទូរស័ព្ទដៃចំនួន ០១គ្រឿង, ម៉ូតូចំនួន ០១គ្រឿង ម៉ាក HONDA DREAM ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខ សៀមរាប 1AR-3913 ។
សរុប៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE ) ចំនួន ១២ថង់ ទម្ងន់ ៥៣៤,៨១ក្រាម ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕ដោយ ៖ ភារ៉ា ដង្កោ










