លោក ឃឹម ហ្វីណង់ ជួបពិភាក្សាការងារជាមួយសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំស្រូវចំនួន៦ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ​-បាត់ដំបង​៖​ ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​និងនេសាទ​ នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា​ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការទទួលបន្ទុកការងារអភិវឌ្ឍន៍សហគមន៍កសិកម្ម បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរបស់សហគមន៍កសិកម្មទំនើបដំណាំស្រូវចំនួន៦ មកពីខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង កាលពីម្សិលមិញនេះ​ នៅមន្ទីរកសិកម្មខេត្តបាត់ដំបង ដែលជាកិច្ចប្រជុំរួមគ្នាដំបូងមួយ ដើម្បីណែនាំពីប្រព័ន្ធគ្រប់គ្រងសហគមន៍ និងរបៀបរបបការងារឱ្យស្របតាមគោលការណ៍តម្រូវនៃសហគមន៍កសិកម្មទំនើប។

ក្នុងកិច្ចប្រជុំនេះ លោកអនុរដ្ឋលេខាធិការបានលើកឡើងពីតួនាទីស្នូល និងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលនៃសហគមន៍កសិកម្មទំនើប នៅក្នុងធានាអភិបាលកិច្ចល្អប្រកបដោយតម្លាភាពនៅក្នុងការងារគ្រប់គ្រងបច្ចេកទេសផលិតកម្ម ការបញ្ជាទិញធាតុចូលកសិកម្ម ការត្រៀមកម្ចីដើមទុន និងការអនុវត្តកិច្ចសន្យាជាមួយក្រុមហ៊ុនវីរៈប៊ុនថាំនាពេលខាងមុខ។ លោកអនុរដ្ឋលេខាធិការក៏បានបញ្ជាក់ថា ដើម្បីសហគមន៍កសិកម្មទំនើបរឹងមាំ និងអាចដំណើរការទៅដោយរលូន សហគមន៍ចាំបាច់ត្រូវមានបុគ្គលិកអាជីពរបស់សហគមន៍ឱ្យបានគ្រប់គ្រាន់ ដឹកនាំដោយនាយកប្រតិបត្តិដែលមានសមត្ថភាពពេញលេញ ដើម្បីរៀបចំផែនការ ប្រមូលព័ត៌មាន និងគ្រប់គ្រងប្រព័ន្ធការងារឱ្យបានត្រឹមត្រូវ ដោយមានការកត់ត្រាច្បាស់លាស់នូវរាល់សកម្មភាពនៃដំណើរការផលិតកម្មទាំងអស់របស់សមាជិកសហគមន៍ ចាប់តាំងពីការភ្ជួររាស់ដីស្រែ រហូតដល់ការប្រមូលផល។

ជាចុងក្រោយ លោកអនុរដ្ឋលេខាធិការ បានផ្ដាំផ្ញើឱ្យបងប្អូនប្រជាកសិករសមាជិកសហគមន៍ទាំងអស់ត្រូវខិតខំប្រឹងប្រែង និងចូលរួមយកចិត្តទុកដាក់ក្នុងការធានាផលិតកម្មស្រូវឱ្យបានគ្រប់បរិមាណ និងស្តង់ដាគុណភាពតម្រូវនៃកិច្ចសន្យា ដើម្បីរក្សាភាពជាដៃគូរឹងមាំយូរអង្វែងជាមួយវិស័យឯកជនសម្រាប់រដូវកាលក្រោយៗទៀត៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print