ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានចូលរួមពិធីក្រុងពាលីបើកការដ្ឋានសាងសង់ប្រព័ន្ធលូរំដោះទឹកនៅវិមានព្រឹទ្ធសភា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលមានផ្ទៃក្រឡាទំហំ១៧០០០ម៉ែត្រការ៉េ ។
ជាប្រពៃណីទំនៀមទម្លាប់ខ្មែរ មុននឹងចាប់ផ្តើមសាងសង់សំណង់ផ្សេងៗ ដើម្បីឱ្យការសាងសង់នោះប្រព្រឹត្តទៅដោយរលូន និងមានសេចក្តីសុខសេចក្តីចម្រើន តែងប្រារព្វពិធីសុំម្ចាស់ទឹកសុំម្ចាស់ដីនេះជាមុនសិន ដែលបានប្រព្រឹត្ដទៅនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា៖ ក្រោយការសិក្សាលម្អិតពីក្រុមការងារបច្ចេកទេស ក្នុងទីតាំងវិមានព្រឹទ្ធសភា ឃើញថា ទិន្នន័យផ្ទៃក្រឡាទំហំ១៧០០០ម៉ែត្រការ៉េបានលិចដោយបរិមាណទឹកភ្លៀងនិងបរិមាណទឹកដែលច្រាលចេញពីលូរដ្ឋមុខកាត់១ម៉ែត្រកន្លះហូរចូលក្នុងទីតាំងវិមានព្រឹទ្ធសភា។ ដូច្នេះហើយទើបរដ្ឋបាលរាជធានីភ្នំពេញ សម្រេចសាងសង់ប្រព័ន្ធលូរំដោះទឹកក្នុងវិមានព្រឹទ្ធសភានេះ។ ការដ្ឋាននេះ ជាគម្រោងនឹងត្រូវសាងសង់លូមូល មុខកាត់ទំហំ១ម៉ែត្រភ្ជាប់ទីតាំងរីហ្គែរចាស់ដែលមានស្រាប់ ចូលទីតាំងរីហ្គែរបេតុងថ្មី ជាប់អាងស្តុកទឹក នឹងតភ្ជាប់លូមូលមុខកាត់១ម៉ែត្រចូលរីហ្គែរបេតុងទ្វារទឹកថ្មីដែលលូមូលមុខកាត់១ម៉ែត្រមានប្រវែងសរុប៣០ម៉ែត្រ។សាងសង់អាងស្តុកទឹកភ្លៀងទំហំ ៧៥ម៉ែត្រ x៤ម៉ែត្រនិងមានកម្ពស់៣.២ម៉ែត្រ។ សាងសង់អាងស្តុកទឹកភ្លៀងដែលសាងសង់ពីបេតុងឆ្អឹងដែក មានប្រវែង៧៥ម៉ែត្រទទឹង៤ម៉ែត្រ កម្ពស់៣.២ម៉ែត្រ អាចស្តុកទឹកភ្លៀងបណ្តោះអាសន្នបានទំហំ ៩៦០ម៉ែត្រគូប។ ដំឡើងម៉ូទ័របូមទឹកចំនួន ៣គ្រឿង នឹងដំឡើងត្រង់ស្វូ២៥០kva ភ្ជាប់ចូលទូបញ្ជាម៉ូទ័របូម។ ម៉ូទ័របូមទឹកចំនួន៣គ្រឿងអាចបូមទឹកបានបរិមាណមធ្យមចន្លោះពី ២៤០០ម៉ែត្រគូបទៅ៣០០០ម៉ែត្រគូបក្នុងមួយម៉ោង ដែលម៉ូទ័របូមទឹក១គ្រឿងមានទម្ងន់៧០០គីឡូក្រាម។ ចាក់បេតុងឆ្អឹងដែកកម្រាស់១៥សង់ទីម៉ែត្រ ក្រឡាផ្ទៃ ៥០០ម៉ែត្រការ៉េនិងកៅស៊ូ AC កម្រាស់៥០មីលីម៉ែត្រមានក្រឡាផ្ទៃ ១០០០ម៉ែត្រការ៉េ។ ចាក់បេតុងបន្ថែមភ្ជាប់បេតុងអាងទឹកអោយបានទំហំទទឹង៦ម៉ែត្រ នឹងការងារអ៊ុតកៅស៊ូ AC បណ្តោយ៥០ម៉ែត្រទទឺង៦ម៉ែត្រ។
សូមបញ្ជាក់ថា៖ គម្រោងខាងលើនេះអនុវត្តដោយរដ្ឋបាលរាជធានីភ្នំពេញប្រើប្រាស់ពេលវេលានៃការស្ថាបនាក្នុងរយៈពេល៣ខែ ដោយគិតចាប់ពីថ្ងៃទី ០១ វិច្ឆិកា២០២៥ នឹងត្រូវបញ្ចប់នៅថ្ងៃទី ០១ កុម្ភៈឆ្នាំ២០២៦៕  
  
  
ដោយ៖ សំរិត

 
			








