អន្តរជាតិ ៖ កាលពីថ្ងៃទី ២៧ខែតុលា តាមម៉ោង ក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិន បាន អញ្ជើញ ចូលរួម កិច្ចប្រជុំ កំពូល អាស៊ីបូព៌ា លើកទី២០ នៅក្រុង គូឡាឡាំពួ នៃប្រទេស ម៉ាឡេស៊ី ។
លោក Li Qiang បានថ្លែងថា កាលពី ២០ឆ្នាំមុន កិច្ចប្រជុំកំពូល អាស៊ីបូព៌ាបាន បង្កើត ឡើងនៅ ក្រុងគូឡាឡាំពួ ។ រយៈពេល ២០ឆ្នាំកន្លង ទៅនេះ កិច្ចប្រជុំកំពូល បានដើរ តួនាទី មាន លក្ខណៈ ស្ថាបនាជាទូទៅ ដើម្បីជំរុញ ស្ថិរភាពនិង ការអភិវឌ្ឍ យ៉ាង ឆាប់រហ័ស ក្នុង តំបន់ ។
លោក Li Qiang បាន លើកឡើងថា ភាគីចិន រីករាយ ធ្វើការ ជាមួយភាគីនានា ដើម្បី ប្រកាន់ខ្ជាប់ គោល បំណងដើម នៃ ការបង្កើត កិច្ចប្រជុំកំពូល អាស៊ីបូព៌ា ធ្វើ កិច្ចប្រតិបត្តិការ យ៉ាងសកម្ម ជុំវិញគំនិត ផ្តួចផ្តើម អភិបាលកិច្ចសកល រួមគ្នាធ្វើ កិច្ចខិតខំ ប្រឹងប្រែង ដើម្បី បំពេញ បន្ថែម កម្លាំងវិជ្ជមាន កាន់តែច្រើន សម្រាប់ សន្តិភាពនិង ការអភិវឌ្ឍ ក្នុងតំបន់ ។ លោកបាន លើកសំណើថា ទីមួយ បន្តប្រមូលផ្តុំ គំនិតឯកភាពរួម យ៉ាងទូលំទូលាយ ។ ទីពីរ ផ្តោត លើ ការដោះស្រាយ បញ្ហាដ៏លេចធ្លោ ។ ទីបី កែទម្រង់និង ធ្វើឱ្យ ប្រព័ន្ធ ច្បាប់ មាន សុក្រឹតភាព ។
ថ្នាក់ដឹកនាំ ដែលចូលរួម កិច្ចប្រជុំកំពូល លើកនេះបាន ថ្លែងថា ប្រទេសក្នុង តំបន់គួរតែ ប្រកាន់ខ្ជាប់ គោលបំណង ដើមនៃ ការបង្កើត កិច្ចប្រជុំកំពូល អាស៊ីបូព៌ា អនុវត្តតាម គោលការណ៍ ជាមូលដ្ឋាននៃ ពហុភាគីនិយម និង ច្បាប់អន្តរជាតិដូចជា ធម្មនុញ្ញអង្គការ សហប្រជាជាតិ ជាដើម ធ្វើកិច្ចសហប្រតិបត្តិការ សម្រាប់ជំរុញ ការកសាង សន្តិភាព បង្កើន កិច្ចសហប្រតិបត្តិការ ជាក់ស្តែង ពួតដៃគ្នាឆ្លើយតប នឹងបញ្ហាប្រឈម ដូចជា សន្តិសុខ ថាមពល និង ស្បៀងអាហារ ការធ្វើបរិវត្តកម្មបៃតង បម្រែបម្រួល អាកាសធាតុនិង សុខភាព សាធារណៈ ជាដើម ដើម្បី ជំរុញសន្តិភាព ស្ថិរភាពនិង វិបុលភាពក្នុង តំបន់និង ពិភពលោក ៕
ដោយ ៖ (CCFR)










