ភ្នំពេញ ៖ អ្នកនាំពាក្យព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មានឆ្លើយតបថា ការចោទប្រកាន់មិនពិតរបស់កាសែត The Nation ប្រទេសថៃ ជាបន្តបន្ទាប់ បានបំផ្លាញតម្លៃ នៃសច្ចភាព ការសន្ទនា និងសន្តិភាពដែលទាំងប្រទេសកម្ពុជានិងប្រទេសថៃបានអះអាងថាជាគុណតម្លៃដែល ប្រទេសទាំងពីរប្រកាន់ខ្ជាប់ដូចដែលបានបង្ហាញឱ្យឃើញតាមរយៈការចុះហត្ថលេខារវាងប្រទេសទាំងពីរកម្ពុជា និងថៃលើសេចក្តីប្រកាសរួមនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ។
អ្នកនាំពាក្យព្រឹទ្ធសភា បានគូសបញ្ជាក់ថា កម្ពុជាផ្តល់តម្លៃដល់សារព័ត៌មានសេរីនិងមានទំនួលខុសត្រូវ ប៉ុន្តែ សេរីភាពសារព័ត៌មានមិនមានន័យថា ជាសេរីភាពក្នុងការប្រឌិតរឿងនោះទេ។ គណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសច្ចភាព ការគោរពគ្នាទៅវិញទៅមក និងចំពោះសន្តិភាពនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់។
គួរបញ្ជាក់ថា កាសែត The Nation ប្រទេសថៃ បានចុះផ្សាយបំភ្លៃការពិតពាក់ព័ន្ធនឹងសកម្មភាពរបស់គណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៥១ ជាពិសេសនៅក្នុងអត្ថបទរបស់ខ្លួនចុះថ្ងៃពុធទី២៩ ខែតុលា ឆ្នាំ២០២៥ ដែលមានចំណងជើងថា «លោកជំទាវ ឃួន សុដារី នាំមុខលោក វ៉ាន់មូហាម៉ាត់ន័រ ម៉ាក់ថា នៅប្រទេសហុងគ្រី សម្រាប់ការពិភាក្សាលើកិច្ចព្រមព្រៀងសន្តិភាព»៕
ប្រភព ៖ (PRU)










