ប្រទេសថៃ៖ ថ្នាំហឺតខ្យល់របស់ថៃដែលមានឈ្មោះថា Hong Thai Herbal ប្រមាណជាង២លានដបត្រូវបានអាជ្ញាធរថៃធ្វើការរឹបអូសភ្លាមៗបន្ទាប់ពីប្រភេទថ្នាំហឺតខ្យល់នេះមិនបានបំពេញតាមស្តង់ដារដែលតម្រូវឲ្យធ្វើតេស្តការចម្លងមេរោគដែលធ្វើឡើងដោយរដ្ឋបាលចំណីអាហារ និងឱសថ (FDA) របស់ប្រទេសថៃ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃសុក្រនេះថាក្រុមហ៊ុនថ្នាំហឺតថៃ Hong Thai Herbal កាលពីថ្ងៃអង្គារបានប្រមូលផលិតផលឱសថបុរាណម៉ាក Hong Thai Herbal ដ៏ពេញនិយមរបស់ខ្លួនមកវិញ បន្ទាប់ពីថ្នាំនេះមិនបានបំពេញតាមស្តង់ដារដែលត្រូវការក្នុងការធ្វើតេស្តការចម្លងមេរោគដែលធ្វើឡើងដោយរដ្ឋបាលចំណីអាហារ និងឱសថ (FDA) របស់ប្រទេសថៃ។
ការស៊ើបអង្កេតរបស់ប៉ូលីសបានរកឃើញថា ទោះបីជាក្រុមហ៊ុន Hong Thai Herbal មានអាជ្ញាប័ណ្ណផលិតសម្រាប់រោងចក្រមួយនៅទីក្រុងបាងកកក៏ដោយ ក្រុមហ៊ុននេះបានលួចផលិតថ្នាំប្រភេទនេះនៅរោងចក្រមួយផ្សេងទៀតដោយគ្មានការយល់ព្រមពី រដ្ឋបាលចំណីអាហារ និងឱសថ។
តាមប្រភពដដែលកាលពីថ្ងៃព្រហស្បតិ៍ រដ្ឋបាលចំណីអាហារ និងឱសថ ថៃបានឆ្មក់ចូលទីតាំងផលិត និងផ្ទុកថ្នាំហឺតខុសច្បាប់ចំនួនបួនកន្លែង ដែលមានទីតាំងនៅក្នុងទីក្រុងបាងកក ដោយរឹបអូសថ្នាំបានប្រមាណ ២.៣ លានមុខ រួមទាំងឧបករណ៍ផលិត ប្រហែល ៤០០,០០០ ដើម ដែលមានតម្លៃជាង ១០០ លានបាត (៣.០៩ លានដុល្លារអាមេរិក)។
បើតាមលោកស្រី Supatra Boonserm អគ្គលេខាធិការ រដ្ឋបាលចំណីអាហារ និងឱសថ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថៃនៅថ្ងៃសុក្រនេះថា អាជ្ញាធរបានព្រមានក្រុមហ៊ុន Hong Thai Herbal ឲ្យដាក់ពាក្យសុំលិខិតអនុញ្ញាតដែលត្រូវការសម្រាប់កន្លែងផលិតថ្មី ប៉ុន្តែរឿងនេះត្រូវបានគេមិនអើពើ។
លោកស្រីបាននិយាយថា កន្លែងទាំងនោះបានដំណើរការខុសច្បាប់អស់រយៈពេលប្រហែលបីឆ្នាំមកហើយ លោកស្រីអះអាងទៀតថារដ្ឋបាលចំណីអាហារ និងឱសថ នឹងចាប់ផ្តើមប្រមូលឧបករណ៍ផលិតថ្នាំទាំងនេះ។ លោកស្រីបានជំរុញឱ្យអ្នកប្រើប្រាស់ប្រុងប្រយ័ត្ននៅពេលទិញផលិតផលថ្នាំហឺតរុក្ខជាតិ និងពិនិត្យមើលសញ្ញានៃភាពមិនប្រក្រតី ឬស្លាកសញ្ញាដែលគ្មានការអនុញ្ញាត។ អាជ្ញាធរថៃក៏នឹងធ្វើការត្រួតពិនិត្យបន្ថែមនៅតាមឱសថស្ថានទូទាំងប្រទេស ដើម្បីធានាថាផលិតផលដែលត្រូវបានប្រមូលមកវិញលែងមានលក់ទៀតហើយ៕ដោយ៖តារា










