ខេត្តកណ្តាល÷ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសបណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួស ២នាក់បានកើតឡើងកាលពីវេលាម៉ោង ០៣:០០នាទីទាបភ្លឺ ថ្ងៃទី០២ វិច្ឆិកា ២០២៥ នៅចំណុចតាមបណ្ដោយផ្លូវ ជាតិលេខ៣ ស្ថិតក្នុងភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ជនរងគ្រោះទាំង ៥នាក់ជិះម៉ូតូ ៣គ្រឿង ត្រូវបានក្រុមជនសង្ស័យមានគ្នីគ្នាជា ច្រើននាក់ (មិនស្គាល់អត្តសញ្ញាណ) ជិះម៉ូតូ៧គ្រឿង ធ្វើសកម្មភាពធាក់ផ្ដួលម៉ូតូ និងកាប់ដោយផ្លែដាវ។
លោកវរសេនីយ៍ឯក ឡេង សុខរុន អធិការនគរបាលស្រុកកណ្ដាលស្ទឹង បានឲ្យដឹងថា ជនរងគ្រោះទាំង ៥ នាក់ មានទីលំនៅជាមួយគ្នាក្នុងភូមិទួលរកា ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។ ពួកគេឈ្មោះរ៉ាត់ ពិសិដ្ឋ ភេទ ប្រុស អាយុ ២១ឆ្នាំ មុខរបរនិស្សិត (ស្លាប់), អុន សុជាតិ ភេទប្រុស អាយុ ១៨ឆ្នាំ)មុខរបរកម្មករសំណង់, ធី ធារ៉ា ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ, ឌឹប ប្រុសពេជ្រ ភេទប្រុស អាយុ ២៣ឆ្នាំមុខរបរកម្មករសំណង់ (រងរបួស), និង ស៊ីណេ សំណាង ភេទ ប្រុស អាយុ ២៦ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ (រងរបួស)។ វត្ថុតាងដែលបន្សល់នៅនឹងកន្លែងកើតហេតុគឺម៉ូតូ ១គ្រឿងម៉ាក Honda Dream C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ ១AF-៥៤៣០ (ជារបស់ជនរងគ្រោះ)។
លោកអធិការបន្ថែមទៀតថា នៅវេលាកើតហេតុ ជនរង គ្រោះទាំង ៥នាក់ជិះម៉ូតូ ៣គ្រឿង (ក្នុងទិសដៅពីត្បូងទៅជើង) ទៅធ្វើការនិងទៅរៀននៅភ្នំពេញ។ ពេលមក ដល់ចំណុចកើតហេតុ ក្រុមជនសង្ស័យមួយក្រុមធំ ជិះម៉ូតូ ៧គ្រឿង បិទភ្លើងទាំងអស់ បានជិះតាមពីក្រោយ។ ពួកគេបានព្យាយាមកាប់ជនរងគ្រោះ ធាក់ម៉ូតូជនរង គ្រោះបណ្ដាលឲ្យដួល។ ក្រុមជនសង្ស័យបានធាក់ម៉ូតូរបស់ឈ្មោះ ឌឹប ប្រុសពេជ្រ និង រ៉ាត់ ពិសិដ្ឋ បណ្ដាល ឲ្យដួល ហើយឈ្មោះ រ៉ាត់ ពិសិដ្ឋ ក៏បានដួលបោកទៅនឹងលូដែលគេទុកចោលនៅក្បែរចិញ្ចើមផ្លូវ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត។ ក្រោយបង្កហេតុ ក្រុមជនសង្ស័យក៏បានជិះម៉ូតូទៅទិសខាងត្បូងគេចខ្លួនបាត់។
ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះ ២នាក់ដែលរងរបួសទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកណ្ដាលស្ទឹង ឯសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
បច្ចុប្បន្ន ផ្នែកជំនាញសហការជាមួយតាមបណ្ដាប៉ុស្តិ៍នគរបាលទាំង ១៨ ក្នុងស្រុកកណ្ដាលស្ទឹង បន្តស្រាវ ជ្រាវតាមរកមុខសញ្ញា៕










