ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-តួកគីយ៉េ និងបានផ្លាស់ប្តូរយោបល់គ្នាលើយន្តការនៃការជំរុញពាណិជ្ជកម្មទេ្វភាគីឱ្យឈានដល់កម្រិត ១ពាន់លានដុល្លារ នៅក្នុងពេលអនាគតខាងមុខ

ចែករំលែក៖

(អង់ការ៉ា, តួកគីយ៉េ)៖ លោកស្រី​ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយលោក Gürsel BARAN ប្រធានសភាពាណិជ្ជកម្មអង់ការ៉ា និងសហការី​ នាព្រឹកថ្ងៃចន្ទ ទី៣ ខែវិចិ្ឆកា ឆ្នាំ២០២៥ នៅទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ។

ជាកិច្ចចាប់ផ្តើម លោក Gürsel BARAN ប្រធានសភាពាណិជ្ជកម្មអង់ការ៉ា បានបង្ហាញនូវសេចក្តីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោកស្រីរដ្ឋមន្រ្តី និងគណៈប្រតិភូកម្ពុជា ដែលបានអញ្ជើញមកទស្សនកិច្ចនៅសភាពាណិជ្ជកម្មអង់ការ៉ា ដែលនេះជាដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ដំបូងបំផុតមកកាន់សភាពាណិជ្ជកម្មអង់ការ៉ា និងជាឱកាសដ៏វិសេសវិសាលសម្រាប់ពង្រីកនូវកិច្ចសហប្រតិបត្តិការលើការជំរុញពាណិជ្ជកម្មរវាងកម្ពុជា និងតួកគីយ៉េ។

នៅក្នុងកិច្ចពិភាក្សានោះផងដែរ លោកស្រីរដ្ឋមន្រ្តី និងលោកប្រធានសភាពាណិជ្ជកម្ម បានកត់សម្គាល់នូវវឌ្ឍនភាពពាណិជ្ជកម្មទ្វេភាគីកម្ពុជា-តួកគីយ៉េ និងបានផ្លាស់ប្តូរយោបល់គ្នាលើយន្តការនៃការជំរុញពាណិជ្ជកម្មទេ្វភាគីឱ្យឈានដល់កម្រិត ១ពាន់លានដុល្លារ នៅក្នុងពេលអនាគតខាងមុខ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកស្រី​រដ្ឋមន្រ្តីបានរំលេចនូវវិស័យអាទិភាពចំនួន៤ ដែលជាសក្តានុពលក្នុងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្នុងនោះរួមមានវិស័យបរិក្ខាសុខាភិបាល វិស័យទេសចរណ៍ សុខភាព វិស័យវាយនភណ្ឌនិងសម្លៀកបំពាក់ និងវិស័យសំណង់ និងបានអញ្ជើញពាណិជ្ជករនិងអ្នកវិនិយោគតួកគីយ៉េ ឱ្យមកស្វែងរកកាលានុវត្តន៍ភាពធុរកិច្ចលើវិស័យទាំងនេះ និងដៃគូរពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា។

ជាការឆ្លើយតប លោកប្រធានសភាពាណិជ្ជកម្ម បានសន្យាថានឹងរៀបចំនូវដំណើរទស្សនកិច្ចរបស់ពាណិជ្ជករ និងអ្នកវិនិយោគតួកគីយ៉េទៅកាន់ប្រទេសកម្ពុជានាដើមឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីរៀបចំនូវព្រឹត្តិការណ៍ផ្គូរផ្គងអាជីវកម្មជាមួយនឹងក្រុមហ៊ុន-សហគ្រាសនៅប្រទេសកម្ពុជា។

...

សូមគូសបញ្ជាក់ផងដែរថា សភាពាណិជ្ជកម្មអង់ការ៉ាត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩២៣ និងមានសមាជិកជាក្រុមហ៊ុននិងសហគ្រាស ចំនួនជាង ១៧០,០០០ ដែលធ្វើឱ្យស្ថាប័ននេះក្លាយជាស្ថាប័នដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ជាពិសេសនៅក្នុងរដ្ឋធានីអង់ការ៉ា ប្រទេសតួកគីយ៉េ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print