ខេត្តកណ្ដាល÷ជនសង្ស័យ ២នាក់ ដែលជាប់ពាក់ព័ន្ធនឹងអំពើលួច (បេះផ្លែស្វាយ) និងប្រើប្រាស់ដោយខុស ច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលតាលន់ ឃាត់ខ្លួនបាន កាលពីវេលាម៉ោង ១៥ និង១០នាទី ថ្ងៃទី០២ វិច្ឆិកា ២០២៥ នៅចំណុចចំការស្វាយរបស់ជនរងគ្រោះ ស្ថិតនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង បានឲ្យដឹងថា ជនរងគ្រោះក្នុងករណីនេះមាន ឈ្មោះ ធឿន សុខនី ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរកសិករ។ ចំណែកជនសង្ស័យទាំង ២នាក់ ដែលសុទ្ធតែមានសារធាតុញៀនវិជ្ជមាន (+) មានឈ្មោះ៖ អាត់ សុខខាវ ភេទ ប្រុស អាយុ ៤៥ឆ្នាំមុខរបរមិនពិតប្រាកដ,និង ផល មករា ភេទ ប្រុស អាយុ ៣៣ឆ្នាំ ហៅចក់ មុខរបរមិនពិតប្រាកដ។ ទាំងជនរងគ្រោះនិងជនសង្ស័យសុទ្ធ តែមានទីលំនៅភូមិឃុំកើតហេតុ។
លោកអធិការបន្តថា នៅវេលាកើតហេតុជនរងគ្រោះឈ្មោះ ធឿន សុខនី បានធ្វើដំណើរចេញពីផ្ទះទៅច្រកផ្លែស្វាយ ក៏ប្រទះឃើញកង់ ១គ្រឿង និងបាវពណ៌ស១ នៅក្បែរចំការរបស់ខ្លួន។ ខណៈពេលកំពុងច្រកផ្លែស្វាយ ជនរងគ្រោះក៏ក្រឡេកមើលឃើញជនសង្ស័យឈ្មោះ ផល មករា បានលីបាវស្វាយចំនួន ១បាវ។ ជនរងគ្រោះក៏ឃាត់សួរនាំ ពេលនោះជនសង្ស័យ ផល មករា បានឆ្លើយថា ជនសង្ស័យឈ្មោះ អាត់ សុខខាវ បានឲ្យខ្លួនមកយកផ្លែស្វាយនោះ។
លោកអធិការបានឲ្យដឹងទៀតថា ជនរងគ្រោះក៏បានទូរស័ព្ទរាយការណ៍មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍តាលន់ឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យឈ្មោះ ផល មករា យកមកប៉ុស្តិ៍ដើម្បីសាកសួរ ហើយក៏បានបន្តទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ អាត់ សុខខាវ ម្នាក់ទៀត។
វត្ថុតាងចាប់យករួមមាន៖ ផ្លែស្វាយចំនួន ១បាវមានទម្ងន់ ២២គីឡូក្រាម និងកណ្ដៀវសម្រាប់បេះផ្លែស្វាយ (មិនបានបញ្ជាក់ក្នុងរបាយការណ៍)។
បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕










