ខេត្តកណ្តាល÷ ជនសង្ស័យម្នាក់ជាបងប្រុសបង្កើតដែលប្រើប្រាស់សារធាតុញៀន បានធ្វើសកម្មភាពទាញកៅអីជ័រវាយទៅលើប្អូនស្រីរបស់ខ្លួនបណ្ដាលឲ្យរងរបួសហូរ ឈាម ដោយសារតែខឹងរឿងម្ហូបអាហារ។ ហេតុការណ៍ហិង្សាដោយចេតនានេះបានកើតឡើងនៅវេលាម៉ោង ១៩:៣០នាទី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅភូមិចារ ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯក ឡេង សុខរុន អធិការនគរបាលស្រុកកណ្ដាលស្ទឹង បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ប៉ាត កញ្ញា ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ជាប្អូនបង្កើត។ ចំណែកជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ប៉ាត ភារិនភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ជាបងបង្កើត។ ជនសង្ស័យរូបនេះមានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន (+) ហើយអ្នកទាំងពីរមានទីលំនៅជាមួយគ្នាក្នុងភូមិកើតហេតុ។ វត្ថុតាងចាប់យករួមមាន កៅអីជ័រ ១ (បែក)។
លោកអធិការបានបន្តថា មុនពេលកើតហេតុ ជនរង គ្រោះបានចេញពីធ្វើការរោងចក្រត្រឡប់មកដល់ផ្ទះវិញ ហើយម្ដាយជនរងគ្រោះបានឲ្យត្រីទៅចៀនដើម្បីហូប បាយ។ ពេលនោះ ជនសង្ស័យបានដើរចេញពីបន្ទប់មកសួរជនរងគ្រោះថា “ម្ហូបអញនៅឯណា” ហើយជនរង គ្រោះឆ្លើយថា “ខ្ញុំអត់ដឹងទេ”។ ជនសង្ស័យក៏ខឹងហើយបានជេរជនរងគ្រោះដោយពាក្យអសុរោះជាច្រើនម៉ាត់។
លោកអធិការបានឲ្យដឹងទៀតថា លុះមកដល់វេលាម៉ោង ១៩:៣០នាទី ថ្ងៃដដែល ជនសង្ស័យបានស្ទុះមករកជន រងគ្រោះហើយបានទាញកៅអីជ័រវាយទៅលើប្អូនស្រីត្រូវចង្កេះផ្នែកខាងស្ដាំ ១កៅអី និងបណ្ដាលឲ្យត្រូវចំកំភួន ដៃផ្នែកខាងស្តាំ រហូតមានរបួសហូរឈាម។ បន្ទាប់មក ប្អូនប្រុសរបស់ជនរងគ្រោះបានមកជួយឃាត់ តែជន សង្ស័យមិនព្រមឈប់ទេ រហូតជនរងគ្រោះទូរសព្ទទៅប្ដីមកជួយ ទើបជនសង្ស័យព្រមឈប់។
ក្រោយជនរងគ្រោះរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលគោកត្រប់ ភ្លាមនោះកម្លាំងប៉ុស្តិ៍ក៏បានចុះទៅដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យខាងលើមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាល ស្ទឹង។ តាមចម្លើយសារភាព ជនសង្ស័យពិតជាបានធ្វើ សកម្មភាពយកកៅអីជ័រវាយទៅលើជនរងគ្រោះប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕










