អន្តរជាតិ , កិច្ចប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ បានប្រារព្ធឡើងពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ដើម្បីពិនិត្យពិភាក្សាជាសំខាន់អំពី«សំណើស្តីពីការតាក់តែងផែនការ៥ ឆ្នាំ ទី១៥ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិចិន»។ ឆ្នាំ២០២១-២០២៥ ប្រទេសចិនទទួលបានលទ្ធផលជាផ្លែផ្កាជាច្រើនក្នុងវិស័យសំខាន់ៗដូចជា ការអភិវឌ្ឍសេដ្ឋកិច្ច នវានុវត្តន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនជាដើម ដែលក្នុងនោះ ផលិតផលក្នុងស្រុកសរុបរបស់ចិនបានកើនឡើងជាលំដាប់រហូតដល់១៣៤ ទ្រីលានយាន់ប្រាក់ចិននៅឆ្នាំ២០២៤។ កំណើនសេដ្ឋកិច្ចចិនបានកើនឡើងជាមធ្យម ៥.៥% ជារៀងរាល់ឆ្នាំ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធឧស្សាហកម្មជាគន្លឹះ សម្រាប់ជំរុញការធ្វើទំនើបកម្មឧស្សាហកម្មបច្ចេកវិទ្យាថ្មីរបស់ចិនជាពិសេស បង្កើនតម្លៃបន្ថែមផ្នែកឧស្សាហកម្មបច្ចេកវិទ្យាថ្មី ការផ្តោតសំខាន់លើការធ្វើឌីជីថលូបនីយកម្ម ដោយបានធ្វើឱ្យស៊ីជម្រៅនូវការបន្ស៊ីគ្នារវាងបច្ចេកទេសឌីជីថលជាមួយនឹងតួអង្គសេដ្ឋកិច្ច។ ប្រព័ន្ធសូវែរ (software) និងរោងចក្រវៃឆ្លាត រាប់ម៉ឺនកន្លែងត្រូវបានបង្កើតឡើង សម្រាប់ប្រភេទឧស្សាហកម្មកម្មន្តសាលធំៗ ការប្រើប្រាស់ផលិតផលវៃឆ្លាតសិប្បនិម្មិតកាន់តែមានភាពពេញនិយម។ នេះគឺជាការអភិវឌ្ឍនៃសេដ្ឋកិច្ចឌីជីថលបានជំរុញការបង្កើតមុខរបរប្រភេទថ្មីលើសពី ១០០ ប្រភេទ ដែលផ្តល់ឱកាសការងារថ្មីៗសម្រាប់ប្រជាជន ។
ដោយសារគោលនយោយបាយបើកទូលាយដោយកម្រិតខ្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល បានធ្វើឱ្យចិនមានភាពធន់ប្រឈមមុខនឹងបម្រែបម្រួលនិម្មាបនកម្មពិភពលោកដែលពុំធ្លាប់មាន។ ភាពធន់នៃទីផ្សារទ្រង់ទ្រាយយក្ស និងកម្លាំងទ្រទ្រង់នៃប្រព័ន្ធឧស្សាហកម្មដ៏ពេញលេញរបស់ចិន បានធ្វើឱ្យមានភាពប្រាកដប្រជាកាន់ច្បាស់ឡើងៗសម្រាប់ការអភិវឌ្ឍនៃពិភពលោក។ ជាមួយនឹង«ផែនការអភិវឌ្ឍន៍ ៥ឆ្នាំ ទី១៥» របស់ប្រទេសចិន បានផ្តោតលើការអភិវឌ្ឍវិស័យឧស្សាហកម្ម ជាពិសេសកម្លាំងផលិតកម្មគុណភាពថ្មី នវានុវត្តន៍ ភាពបៃតងនិងកាបូនទាប និងការធ្វើបរិវត្តកម្មភាពវៃឆ្លាតជាដើម។
បើយើងមើលពីជ្រុងម្ខាងទៀត ប្រទេសចិនប្រកាន់ខ្ជាប់ជានិច្ចនូវពហុភាគីនិយម សមាហរណកម្មតំបន់ និងសកលភាវូបនីយកម្មសេដ្ឋកិច្ច ដូចការគូសរំលេចជាច្រើនលើករបស់ថ្នាក់ដឹកនាំចិនថា «ការអភិវឌ្ឍរបស់ចិនគឺជាការអភិវឌ្ឍរបស់ពិភពលោក ឱកាសអភិវឌ្ឍន៍របស់ចិនជាឱកាសអភិវឌ្ឍន៍របស់ពិភពលោក»។ ជាក់ស្តែង អ្វីដែលយើងមើលឃើញផ្ទាល់នឹងភ្នែកគឺ ចិនបានរួមចំណែកមិនអាចខ្វះបានក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់តំបន់និងពិភពលោក ពិសេសឯករាជ្យភាពនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសសកលខាងត្បូង។ ការផ្តោតលើពហុនិយម “អភិវឌ្ឍន៍លក្ខណៈខ្ពស់ (high-quality development)” ការបង្រួមការប្រើប្រាស់ទំនាក់ទំនងអន្តរជាតិ និងវិនិយោគបន្ថែម ដែលចិននៅតែជាដៃគូកម្រិតខ្ពស់សម្រាប់តំបន់និងសាកលលោក។ សម្រាប់តំបន់អាស៊ី/អាស៊ីអាគ្នេយ៍ យើងមើលឃើញថា បរិយាកាសសេដ្ឋកិច្ចរបស់ចិនអាចធ្វើជា «ជន្ទល់ស្ថិរភាព» (anchor of stability) សម្រាប់អាស៊ី ពេលដែលពិភពលោករងការភ័យខ្លាចច្រើន។ លើសពីនេះទៀត ចិនបន្ថែមនូវ“ការបើកចំហរ” លើការវិនិយោគ និងការជួញដូរក្នុងទីផ្សារហិរញ្ញវត្ថុ។
ជាមួយគ្នានេះដែរ ការកសាងកម្លាំងផលិតភាពគុណភាពថ្មី និង បច្ចេកវិទ្យាដូចជា AI, ម៉ាស៊ីនស្វ័យប្រវត្តិ, កម្លាំងបៃតង ជាគំរូនៃទស្សនទានថ្មីសម្រាប់ការអភិវឌ្ឍរបស់សាកលលោក ដែលបណ្តាប្រទេសនានាពិនិត្យ ពិចារណា និងគួរតែយកចិត្តទុកដាក់ជាចាំបាច់។ ចិនក៏បានផ្ដោតយកចិត្តទុកដាក់ខ្ពស់លើឧត្តមភាពបច្ចេកវិទ្យាលើឧត្តមភាពបច្ចេកវិទ្យា និង ការធ្វើកិច្ចសហប្រតិបត្តិការលើវិស័យនេះ ឱ្យកាន់តែទូលំទលាយសម្រាប់តំបន់និងពិភពលោក។ ចំណុចនេះ បង្ហាញថាចិនបានយកចិត្តទុកដាក់គិតគូសម្រាប់ការអភិវឌ្ឍតំបន់និងពិភពលោក។ សម្រាប់តំបន់អាស៊ី – អាស៊ីអាគ្នេយ៍ ចិននឹងបន្ថែមឱកាសសហប្រតិបត្តិការជាគោលការណ៍ក្នុងក្របខណ្ឌ «ខែ្សក្រវាត់និងផ្លូវ» បង្កើតនូវសម្លេងសហសមាជិកភាពដ៏រឹងមាំមួយឆ្លើយតបនឹងភាពមិនប្រាកដប្រជានៃសាកលលោក ។
ក្នុងន័យនេះ ថាផែនការអភិវឌ្ឍន៍របស់ចិននាពេលប្រាំឆ្នាំខាងមុខ គឺផ្តោតលើការការពារបរិស្ថាន និរន្តរភាពនិងឌីជីថល ព្រមទាំងពង្រឹងនូវទំនាក់ទំនងអន្តរជាតិ ដើម្បីការអភិវឌ្ឍ ដែលចិននឹងក្លាយជាប្រទេសដ៏សំខាន់មួយក្នុងភាពជាដៃគូក្នុងតំបន់និងសាកលលោក៕
ដោយ បណ្ឌិត គី សេរីវឌ្ឍន៍
ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា










