ទំនប់អាងទឹកពាម ជួយស្ទាក់ទឹកពីប្រភពទឹកស្ទឹងស្ទោង និង ផ្ទៃរងទឹកភ្លៀងក្នុងតំបន់ ជួយ ស្រោចស្រព បន្ថែមលើផ្ទៃដី បង្កបង្កើនផល និង ការប្រើប្រាស់ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋក្នុងឃុំម្សាក្រង នៃស្រុកស្ទោង

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ទំនប់អាងទឹកពាម ស្ថិតក្នុងឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ បានកសាងឡើងក្នុងសម័យប៉ុល ពត មានតួនាទីទទួលយកទឹកពីប្រភពស្ទឹងស្ទោង និង ផ្ទៃរង ទឹកភ្លៀង ក្នុងតំបន់ ដើម្បីជួយ ស្រោចស្រព លើផ្ទៃដីបង្កបង្កើនផលកសិកម្ម ដំណាំរួមផ្សំ និង ការប្រើប្រាស់ សម្រាប់ជីវភាព ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋក្នុងតំបន់។

ក្នុងគោលបំណងជួយដោះស្រាយការលំបាករបស់ ប្រជាពលរដ្ឋ ឆ្លើយតប តាមសំណូមពររបស់អាជ្ញាធរដែនដីក្នុងមូលដ្ឋាន ក្រសួងធនធានទឹក និង ឧតុនិយម ដែលមាននាយកដ្ឋានវិស្វកម្មជាសេនាធិការ បានអនុវត្តការងារជួសជុល ទំនប់អាងទឹកពាមឡើងវិញ ដើម្បីពង្រឹង សមត្ថភាពអាងទឹក នេះ ខណៈដែល តួទំនប់ចាស់ហូរ ច្រោះដាច់ដោយទឹកភ្លៀង និង សំណង់សិល្បការ្យ លើទំនប់មិនអាច គ្រប់គ្រង និង បញ្ជាទឹក បាន ។  

ក្រុមការងារបច្ចេកទេសនៃ នាយកដ្ឋានវិស្វកម្ម បានធ្វើការជួសជុលទំនប់អាងទឹកពាម ជាពីរជំហាន ដែលជំហាន១ ក្នុងឆ្នាំ ២០២៤ និង ជំហាន២ ក្នុងឆ្នាំ២០២៥។ នៅក្នុងឆ្នាំ២០២៥ នេះ ការងារជួសជុលសំខាន់ៗ រួមមាន ៖ ១) ជួសជុលទំនប់អាងទឹក ប្រវែង ៦០០០ម៉ែត្រ ២)សាងសង់លូចម្លង ចំនួន១កន្លែង ៣) សាងសង់លូជ្រុងចំនួន ៤កន្លែង ៤) សាងសង់ទ្វារទឹក (ទ្វារ៧) ចំនួន ១កន្លែង ៥) សាងសង់ទ្វារទឹក (ទ្វារ៣) ចំនួន ១កន្លែង។

ឈរលើសំណង់បង្ហៀ រមួយកន្លែង នៃ ទំនប់អាងទឹកពាមជំហាន២ លោក ភី សៅ មេភូមិប្រកៀប ឃុំម្សាក្រង បានរៀបរាប់ឱ្យដឹងថា កាលពីមុនពិបាកណាស់ ដោយសារអត់មានសំណង់ ទឹកម៉ោគឺហូរទៅដោយមិនមានអីទប់ទេ ទឹកច្រើនប៉ុនណាក៏ដោយ ពេលដែលទឹកស្រកគឺស្រកទៅអស់ ។ លោកបានបន្ថែមថា ឥឡូវនេះមានទ្វារទឹក មានសំណង់ស្ទាក់ទឹក យើងអាចទុកកម្រិតណាគិតថាប្រើប្រាស់គ្រប់ ប្រជាពលរដ្ឋអាចប្រើប្រាស់ ហើយអាស្រ័យផលពីរដង ឬពីររដូវដោយសារទឹកនេះយើងអាចស្តុកបាន។ លោកបញ្ជាក់ថា នៅទីនេះ ក្នុងរដូវវស្សាទឹក នៅសងខាងទំនប់ស្មើគ្នាមើលមិនដឹងខាងណាអាងទេ តែជាក់ស្តែងនៅប៉ែកខាងលើនេះគឺផ្ទៃអាង ហើយខាងក្រោមនេះគឺជាដីស្រែ ពេលកំណត់បិទទឹករក្សាទុកគឺយើងបិទទ្វារមិនឱ្យទឹកហ្នឹងហូរទៅដូចកាលមុនទេ។

សូមបញ្ជាក់ថា ទំនប់អាងទឹកពាម មានលទ្ធភាពតម្កល់ទឹក ទុកបម្រើការស្រោចស្រព បន្ថែមនៅ ដើមរដូវ ចុងរដូវវស្សា រដូវប្រាំង និង ដំណាំរួមផ្សំ លើផ្ទៃដីបង្កបង្កើនផល កសិកម្ម រដូវវស្សាប្រមាណ ១០៥០ហិកតា រដូវប្រាំងប្រមាណ ៣៥០០ហិកតា និង ដំណាំរួមផ្សំប្រមាណ ១០ហិកតា របស់ប្រជាពលរដ្ឋប្រមាណ ២៤២៦គ្រួសារ ក្នុងភូមិចំនួន១១ នៃឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។ ខ្នងទំនប់ បានក្លាយជាផ្លូវគមនាគមន៍សម្រាប់ធ្វើដំណើរ ឆ្លងកាត់ពី មូលដ្ឋានមកទីប្រជុំជន និង សម្រាប់ចរាចរណ៍ដឹកកសិផល កសិកម្ម ព្រមទាំងជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏មានសក្តានុពល ក្នុងមូលដ្ឋាន៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print