ខ្សែប្រយុទ្ធErling Haaland បានដាក់ខ្លួនចំពោះការប្រៀបធៀបទៅតារាបាល់ទាត់ដ៏ល្បីល្បាញសម័យបច្ចុប្បន្ន Lionel Messi និង Cristiano Ronaldo ដោយនិយាយថា “គ្មាននរណាម្នាក់” អាចធ្វើដូចកំណត់ត្រាស៊ុតបញ្ចូលទីរបស់ពួកគេបានទេ។
កីឡាករវ័យ 25 ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីបាន 26 ដងនៅក្នុងការប្រកួតទាំងអស់សម្រាប់ Manchester City និង Norway នៅដើមខែវិច្ឆិកាដោយធ្វើឱ្យចំនួនគ្រាប់បាល់អាជីពរបស់គាត់មានកើនដល់ 327 គ្រាប់។ ប៉ុន្តែ Haaland ស្ថិតនៅផ្លូវឆ្ងាយពីក្រោយស្នាដៃរបស់អ្នកទាំងពីរ។
វីរបុរសបាល់ទាត់អាហ្សង់ទីន Messi អាយុ 38 ឆ្នាំបានស៊ុតបញ្ចូលទីសរុបចំនួន 892 គ្រាប់ខណៈដែលកីឡាករសញ្ជាតិព័រទុយហ្គាល់អាយុ 40 ឆ្នាំ Ronaldo រកបាន952គ្រាប់ហើយ ខណៈដែលគាត់កំណត់គោលដៅយកឱ្យបាន 1,000គ្រាប់ ក្នុងអាជីពដ៏រុងរឿងរបស់គាត់។
ខ្សែប្រយុទ្ធរបស់ក្លឹបMan City នេះស៊ុតបញ្ចូលទីបាន 56 គ្រាប់ក្នុងរដូវកាល 2022-23 ដែលជារដូវកាលដំបូងរបស់គាត់នៅក្លឹបបន្ទាប់ពីផ្លាស់ចេញពី Borussia Dortmund ដែលជាយុទ្ធនាការដ៏ជោគជ័យបំផុតរបស់គាត់រហូតមកដល់បច្ចុប្បន្ន។
Haaland ក៏បានស៊ុតបញ្ចូលទីបាន 53 គ្រាប់ក្នុងការប្រកួត Champions League ត្រឹមតែ 51 ប្រកួតប៉ុណ្ណោះហើយគាត់បានឈ្នះពានរង្វាន់ធំនៅអឺរ៉ុបក្នុងរដូវកាលដំបូងរបស់គាត់ជាមួយ City ដោយបានជួយក្រុមឱ្យបញ្ចប់រដូវកាលជាមួយពានបី Premier League, FA Cup និង Champions League ៕










