ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានជួបជាមួយលោក Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដោយបានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត។
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានយល់ស្របគ្នាថា ការអបអរសាទរខួបលើកទី៧៥ នៃទំនាក់ទំនងការទូត កម្ពុជា-សហរដ្ឋអាម៉េរិកនៅឆ្នាំនេះ តួនាទីកម្ពុជាជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-សហរដ្ឋអាម៉េរិក និងការចូលរួមចំណែកដ៏សំខាន់របស់សហរដ្ឋអាម៉េរិក ដើម្បីនាំមកនូវសន្តិភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានបើកឱកាសដ៏ល្អប្រសើរ សម្រាប់ការពង្រឹងទំនាក់ ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា ពាណិជ្ជកម្ម វិនិយោគ ការពារជាតិ និងសន្តិសុខ រួមទាំងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ឧក្រិដ្ឋកម្មតាមបណ្តាញព័ត៌មានវិទ្យា និងការ បោសសម្អាតមីន។
ភាគីទាំងពីរបានស្វាគមន៍ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ រវាងកម្ពុជា និងសហរដ្ឋអាម៉េរិក (ART) នៅទីក្រុងកូឡាឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយទទួលស្គាល់ថា នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការលើកកម្ពស់កាលានុវត្តភាពសេដ្ឋកិច្ចទៅវិញទៅមក និងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការកំណត់ជំហានជាក់ស្តែង ដើម្បីធានាការអនុវត្ត កិច្ចព្រមព្រៀងនេះប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។
ស្តីពីជម្លោះព្រំដែនកម្ពុជា-ថៃ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកជាថ្មីនូវអំណរគុណយ៉ាងជ្រាលជ្រៅរបស់កម្ពុជាចំពោះតួនាទីដ៏សំខាន់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងលើបទឈប់បាញ់ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងគូឡាឡាំពួ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីវិធានការដែលត្រូវអនុវត្តបន្ត ដើម្បីសម្រេចការប្តេជ្ញាចិត្តដូចមានចែងនៅក្នុងសេចក្តីថ្លែងការណ៍រួមនេះ និងបានសង្កត់ធ្ងន់ អំពីការចាំបាច់ក្នុងការពង្រឹងកិច្ចប្រឹងប្រែងស្តារជំនឿ និងទំនុកចិត្តឡើងវិញ សំដៅឈានទៅដល់ សន្តិភាពចីរកាល៕
ដោយ៖តារា










