លោក Heitinga វ័យ 41 ឆ្នាំត្រូវបានបន្ធូរបន្ថយពីភារកិច្ចគ្រប់គ្រងរបស់គាត់ដោយក្លឹបហូឡង់បន្ទាប់ពីការបរាជ័យក្នុងផ្ទះ 3-0 កាលពីថ្ងៃពុធក្រោមថ្វីជើងក្រុម Galatasaray ក្នុងក្របខ័ណ្ឌ Champions League ។វាគឺជាការបរាជ័យលើកទីបួនរបស់ពួកគេនៅក្នុងពានរង្វាន់ធំទ្វីបអឺរ៉ុបក្នុងរដូវកាលនេះ ដែលធ្វើឲ្យពួកគេស្ថិតនៅបាតតារាងនៃលីគ ដោយមិនអាចទទួលបានតែមួយពិន្ទុសោះ។
អតីតកីឡាកររបស់ Evertonលោក Heitinga បានដើរតួជាជំនួយការគ្រូបង្វឹករបស់ Arne Slot កាលពីរដូវកាលមុន ខណៈដែល Liverpool បានឈ្នះពានរង្វាន់ Premier League ។
អតីតខ្សែការពារសញ្ជាតិហូឡង់រូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលពីរឆ្នាំជាមួយ Ajax កាលពីចុងខែឧសភា ដោយបានវិលត្រឡប់មកក្លឹបវិញជាកន្លែងដែលគាត់បានបង្ហាញខ្លួនច្រើនជាង 200ប្រកួត មុននឹងប្រកបអាជីពជាគ្រូបង្វឹកក្រុមបម្រុង និងជាគ្រូបង្វឹកបណ្តោះអាសន្ន។
Ajax បាននិយាយថា Heitinga ត្រូវបានព្យួរ ហើយកិច្ចសន្យារបស់គាត់នឹងត្រូវបានបញ្ចប់។ នាយកបច្ចេកទេសលោក Alex Kroes បាននិយាយលើគេហទំព័ររបស់ក្លឹបថា “វាគឺជាការសម្រេចចិត្តដ៏ឈឺចាប់មួយ។ យើងដឹងថាវាអាចត្រូវការពេលវេលាសម្រាប់គ្រូបង្វឹកថ្មីដើម្បីធ្វើការជាមួយក្រុមដែលបានទទួលការផ្លាស់ប្តូរ”។
ជំនួយការគ្រូបង្វឹក Fred Grim អាយុ 60 ឆ្នាំនឹងគ្រប់គ្រង Ajax បណ្តោះអាសន្ន។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Ajax ចាប់អារម្មណ៍ក្នុងការជួលអតីតអ្នកចាត់ការ Erik ten Hag ដែលត្រូវបានបណ្តេញចេញដោយ Manchester United ក្នុងខែតុលា ឆ្នាំ 2024 ហើយបានដឹកនាំត្រឹមតែពីរប្រកួតនៅ Bundesliga នៅ Bayer Leverkusen មុនពេលត្រូវបានបណ្តេញចេញនៅខែកញ្ញាឆ្នាំនេះ៕










