សាររព័ត៌មាន AFP នាថ្ងៃសុក្រ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានផ្សាយថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រុមសមាជិកបក្សសាធារណរដ្ឋនៅព្រឹទ្ធសភាអាមេរិក បានរារាំងសេចក្តីសម្រេចមួយ ដែលមានគោលដៅទប់ស្កាត់មិនឱ្យប្រធានាធិបតី លោក ដូណាល់ ត្រាំ អាចធ្វើសកម្មភាពយោធាប្រឆាំងប្រទេសវ៉េណេស៊ុយអេឡា ដោយមិនចាំបាច់សុំការអនុញ្ញាតពីសភា ចំពោះមុខភាពតានតឹងនៅតំបន់សមុទ្រ Caribbean។
ការរារាំងខាងលើបង្ហាញពីការគាំទ្ររបស់គណបក្សសាធារណរដ្ឋ ចំពោះមុខយុទ្ធនាការយោធារបស់រដ្ឋបាលលោក ត្រាំ នៅតំបន់ភាគខាងត្បូងសមុទ្រ Caribbean ដែលបានមើលឃើញ មានការវាយប្រហារសម្លាប់មនុស្សជាបន្តបន្ទាប់ ប្រឆាំងទូកនានា ដែលត្រូវបានចោទថាលួចដឹកជញ្ជូនគ្រឿងញៀន នៅក្បែរឆ្នេររបស់វ៉េណេស៊ុយអេឡា។ ការអូសបន្លាយយុទ្ធនាការយោធានេះ បានបង្កើនក្តីបារម្ភថា លោកប្រធានាធិបតីអាមេរិក អាចនឹងបើកការវាយប្រហារលើវ៉េណេស៊ុយអេឡាតែម្តង ដែលជាមូលហេតុនាំឱ្យមានការផ្តួចផ្តើមសេចក្តីសម្រេចខាងលើឡើង។
ច្រើនសប្តាហ៍មកហើយ លោក ត្រាំ បានបង្ហាញតំរុយមិនច្បាស់លាស់នោះទេ ជុំវិញលទ្ធភាពនៃការវាយប្រហារតាមផ្លូវគោកលើវ៉េណេស៊ុយអេឡា ដោយពេលមួយនោះ បានអះអាងថា រូបលោកបានបញ្ជាឱ្យទីភ្នាក់ងារចារកម្ម CIA ធ្វើប្រតិបត្តិការសម្ងាត់នៅវ៉េណេស៊ុយអេឡា ប៉ុន្តែក្រោយមក លោកបានបដិសេធថា គ្មានគម្រោងវាយចូលប្រទេសអាមេរិកឡាទីនមួយនេះទេ បើទោះបីជា ទីក្រុងវ៉ាស៉ីនតោន បន្តបង្កើនវត្តមានយោធាទ្រង់ទ្រាយធំ នៅតំបន់សមុទ្រ Caribbean ជាមួយយន្តហោះចម្បាំង នាវាចម្បាំង យន្តហោះទម្លាក់គ្រាប់បែក និងទាហានរាប់ពាន់នាក់ក៏ដោយ៕
រូបថត: Reuters










