លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ធ្វើបទបង្ហាញជូនអង្គទូតបរទេស អំពីការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ

ចែករំលែក៖

ភ្នំពេញ​៖​ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃសៅរ៍ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានធ្វើបទបង្ហាញជូនអង្គទូតបរទេស ប្រចាំព្រះរាជាណាចក្រ កម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី​ បានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃការអនុវត្តសេចក្តីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួ ស្តីពីសន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព ដែលបានចុះហត្ថលេខានៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥។ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ឯកសារនេះគឺជាមូលដ្ឋានគ្រឹះក្នុង ការកសាងឡើងវិញនូវទំនុកចិត្ត សន្តិភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ ដោយបញ្ជាក់ឡើង វិញនូវការប្តេជ្ញាចិត្តរួម សម្រាប់ការដោះស្រាយវិវាទដោយសន្តិវិធី ការមិនប្រើប្រាស់កម្លាំង ការគោរព ច្បាប់អន្តរជាតិ ការគោរពគ្នាទៅវិញទៅមកចំពោះអធិបតេយ្យ បូរណភាពទឹកដី និងឯករាជ្យ។

លោកឧបនាយករដ្ឋមន្ត្រី​ ប្រាក់ សុខុន បានគូសបញ្ជាក់អំពីវិស័យអាទិភាពមួយចំនួន ដែលបានព្រមព្រៀងគ្នា ក្រោមសេចក្តីថ្លែងការណ៍ រួមមានការដោះលែងកងទ័ពកម្ពុជា ការដកអាវុធធុនធ្ងន់ ការដោះមីនមនុស្សធម៌ ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី កិច្ចសហប្រតិបត្តិការលើការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ដំណើរនៃការធ្វើប្រក្រតីភាពនៃទំនាក់ទំនងការទូត ដែលជាជំហានដ៏សំខាន់ឆ្ពោះទៅរកការកសាងទំនុក ចិត្ត និងការស្តារទំនាក់ទំនងជាប្រក្រតីរវាងកម្ពុជា និងថៃ។

លោកឧបនាយករដ្ឋមន្ត្រី​ បានសង្កត់ធ្ងន់អំពីការអនុវត្តដោយស្មោះត្រង់របស់កម្ពុជាចំពោះ ការប្តេជ្ញាចិត្ត និងការត្រៀមខ្លួនដើម្បីធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសថៃ ដើម្បីជាប្រយោជន៍រួមនៃប្រទេស និងប្រជាជនទាំងពីរ។

លោកឧបនាយករដ្ឋមន្ត្រី​ បានគូសបញ្ជាក់បន្ថែមទៀតនូវការថ្លែងអំណរគុណរបស់កម្ពុជា ចំពោះប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាន សហរដ្ឋអាម៉េរិក ចិន ព្រមទាំងមិត្ត និងដៃគូទាំងអស់​ សម្រាប់ការគាំទ្រប្រកបដោយស្ថាបនា ក្នុងការសម្រេចបាននូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍ រួមទីក្រុងគូឡាឡាំពួ។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ចប់ដោយបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់ កម្ពុជា ក្នុងការប្រែក្លាយព្រំដែនកម្ពុជា-ថៃ ទៅជាតំបន់សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដោយ គោរពពេញលេញនូវច្បាប់អន្តរជាតិ ព្រមទាំងគោលការណ៍ និងស្មារតីអាស៊ាន។

...

ក្នុងអំឡុងនៃបទបង្ហាញនេះ មន្ត្រីជាន់ខ្ពស់មកពីក្រសួង និងស្ថាប័នពាក់ព័ន្ធ បានផ្តល់ព័ត៌មាន លម្អិតជាក់លាក់បន្ថែមទៀតអំពី វិធាន នីតិវិធី និងផែនការសកម្មភាព ដែលបានព្រមព្រៀងដោយភាគី ទាំងពីរ ពាក់ព័ន្ធនឹងការដកអាវុធធុនធ្ងន់ និងការដោះមីនមនុស្សធម៌ ជូនអង្គទូតបរទេស៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print