ខេត្តរតនគិរី៖ ពិធីបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី០៤ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានប្រារព្ធធ្វើឡើងនៅខេត្តរតនគិរីក្រោមការ
រៀបចំដោយរដ្ឋបាលខេត្តរតនគិរីដឹកនាំដោយលោក ញ៉ែម សំអឿន នោះទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ ៥ម៉ឺន៧ពាន់៦១៥នាក់ ដែលចំនួននេះបើធៀបនឹងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤កន្លងទៅ មានភ្ញៀវទេសចរ២ម៉ឺន១ពាន់០៦៧នាក់ សម្រាប់ឆ្នាំ២០២៥មានការកើនឡើង១៩.៦០ភាគរយ។
លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរីបានបញ្ជាក់នៅល្ងាចថ្ងៃទី៦ វិច្ឆិកា ២០២៥ថា ក្នុងចំនួន ៥ម៉ឺន៧ពាន់៦១៥នាក់នេះ មានប្រជាពលរដ្ឋដើរកម្សាន្តក្នុងក្រុងបានលុង ៣ម៉ឺន២ពាន់៤១៨នាក់ ភ្ញៀវទេសចរជាតិ ២ម៉ឺន៤ពាន់៣២៧នាក់ និងភ្ញៀវទេសចរអន្តរជាតិ ៨៧០នាក់ ភ្ញៀវទេសចរសរុបចំនួន ២ម៉ឺន៥ពាន់១៩៧នាក់។
លោក ង៉ែត ពិទូ បានបញ្ជាក់ទៀតថា ចំពោះស្ថានភាពទេសចរណ៍ក្នុងខេត្តរតនគិរី ចំនួនប្រជាពលរដ្ឋកើនឡើង ២៧.៧២ភាគរយ ភ្ញៀវទេសចរជាតិ កើនឡើង១៦.៨៨ភាគរយ ភ្ញៀវទេសចរអន្តរជាតិកើនឡើង២៤២.៥២ភាគរយ។
ដូច្នេះ ភ្ញៀវទេសចរសរុបកើនឡើង១៩.៦០ភាគរយ បើប្រៀបធៀបទៅនឹងព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៤ មានភ្ញៀវទេសចរ សរុបចំនួន២ម៉ឺន១ពាន់ ០៦៧នាក់ ។
លោក ង៉ែត ពិទូ បានបញ្ជាក់អំពីព្រឹត្តិការណ៍នៃពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុករយៈពេល៣ថ្ងៃ មានព្រឹត្តិការណ៍សំខាន់ៗជាច្រើនរួមមាន៖ ១.ព្រឹត្តិការណ៍រៀបចំដោយក្រុមហ៊ុន Family Travel Cambodia សហការ ជាមួយក្រសួងទេសចរណ៍ រដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍ខេត្ត បានរៀបចំព្រឹត្តិការណ៍ Family Travel Cambodia ក្នុងនោះមានក្បួនរថយន្ត ភ្ញៀវទេសចរក្នុងស្រុក និងភ្ញៀវទេសចរជាតិ បានធ្វើដំណើរកម្សាន្តទៅតាមតំបន់រមណីយដ្ឋានទេសចរណ៍នានាក្នុងខេត្ត។
២.ប្រជាពលរដ្ឋនិងភ្ញៀវទេសចរ សប្បាយរីករាយ និងសាទរចំពោះរដ្ឋបាលខេត្តដែលបានរៀបចំពិធីអកអំបុក បង្ហោះគោម បាញ់កាំជ្រួច ការប្រគំតន្ត្រី និងការតាំងពិព័រណ៍ផលិតផលទេសចរណ៍ក្នុងស្រុកនៅបរិវេណមាត់បឹងកន្សែង ។
៣.រដ្ឋបាលខេត្តបានរៀបចំឱ្យមាននូវប្រទីបតាមអង្គភាព នៅរមណីយដ្ឋានបឹងកន្សែង ។
៤.រដ្ឋបាលខេត្តបានរៀបចំអនាម័យសោភ័ណភាពទីក្រុង និងបំពាក់ភ្លើងអគ្គិសនីតាមដងផ្លូវសាធារណៈនិងជុំវិញមាត់បឹងកន្សែង។
៥.ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ពីទីរួមខេត្ត ទៅតាមតំបន់រមណីយដ្ឋាន មានលក្ខណ:ងាយស្រួលក្នុងការធ្វើដំណើរ។
៦.សេវាកម្មស្នាក់នៅនិងភោជនីយដ្ឋានពុំមានការដំឡើងថ្លៃសម្រាប់ភ្ញៀវទេសចរ។
៧.សន្តិសុខនិងសណ្តាប់ធ្នាប់មានភាពល្អប្រសើរ និង ៨.សេវាកម្មស្នាក់នៅនិងភោជនីយដ្ឋានបានអនុវត្តតាមសារាចរ ក្រសួងទេសចរណ៍និងរដ្ឋបាលខេត្ត ស្តីពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ក្នុងខេត្ត។
រដ្ឋបាលខេត្តរតនគិរីបានបង្ហាញថា នៅតាមវត្តអារាមនានាក្នុងខេត្តបានរៀបចំពិធីអកអំបុក សំពះព្រះខែ និងមានការបង្ហោះគោមជាដើម ដើម្បីអបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។
រដ្ឋបាលខេត្តរតនគិរី ក្រោមការដឹកនាំរបស់លោក ញ៉ែម សំអឿន បានកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនរួមមាន៖ ផ្លូវបេតុងជុំវិញបឹងកន្សែង សួនច្បារ រូបសំណាកសត្វក្តាន់ រូបសំណាកសត្វអកញីឈ្មោល រូបសំណាកគ្រួសារដំរី ខ្សែរ៉ត វិមានឯករាជ្យ និងបានរៀបចំសោភ័ណភាពទីក្រុង ដោយបំពាក់អំពូល LED តាមដងផ្លូវ និងជុំវិញមាត់បឹងកន្សែង នៅបរិវេណមាត់បឹងកន្សែង សម្រាប់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរមកលេងកម្សាន្តក្នុងខេត្ត ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សម្រាប់ឆ្នាំ២០២៥នេះ៕ ដោយ ជីវ័ន្ត










