ភ្នំពេញ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណី ប៉ុនប៉ងប្រព្រឹត្តអំពើ ហិង្សាដោយចេតនា (គំរាមកាប់នឹងកាំបិតបុ័ងតោ) កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៣នឹង៥០នាទី រំលងអធ្រាត្រ ត្រង់ចំណុចភោជនីយ៍ដ្ឋានដៃអូន ផ្លូវ៥០ម៉ែត្រ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថាជនរងគ្រោះឈ្មោះ ទួន ឡង់ឌី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបជាងភ្លើង ស្នាក់នៅផ្ទះជួល ស្ថិតនៅ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ចំណែកជនសង្ស័យឈ្មោះ ផេន បូរិន ហៅរិន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួននៅវេលាម៉ោង១៤នឹង៤០នាទី ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រង់ចំណុចបន្ទប់ជួល ស្ថិតនៅភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យក៖ កាំបិតបុ័ងតោ ចំនួន០១។
ក្រោយពីធ្វើការសាកសួរជនសង្ស័យ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា រូបខ្លួន (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពប្រើកាំបិតប៉័ងតោគំរាមកាប់ជនរងគ្រោះប្រាកដមែន។ បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យ ហើយមានការសម្របសម្រួលពីលោក វ៉ិត មឃៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាត ឱ្យសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង ៕











