កម្លាំងនគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បើកប្រតិបត្តិការចុះបង្ក្រាបនៅក្លឹបកំសាន្តអន្តរជាតិបាវិត ក្រុងបាវិត ដែលបង្កប់ការប្រើប្រាស់គ្រឿងញៀន, ឃាត់ខ្លួនជាង៣០០នាក់

ចែករំលែក៖

ខេត្ត​ស្វាយរៀង៖ យោង​តាម​សេចក្តីរាយការណ៍បឋម ពីកម្លាំងនគរបាលជំនាញប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ថា យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ កម្លាំងនគរបាលជំនាញបានឆ្មក់ចូលបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅក្លឹបកម្សាន្តមួយកន្លែងកណ្តាលក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យជាង៣០០នាក់ រឹបអូសបានថ្នាំញៀនមួយចំនួន។

ប្រតិបត្ដិការនេះ អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

សេចក្តីរាយការណ៍ដដែលបានបញ្ជាក់ថា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ០១ និង៣០នាទីរំលងអាធ្រាត្រ កម្លាំងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋានខេត្តស្វាយរៀង ដោយមានការដឹកនាំសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង លោក ឡាយ ជុងហេង បានបង្រ្កាបករណីរក្សារទុក ជួញដូរ ចាត់ចែងសម្រួលអោយប្រើប្រាស់ និងប្រើប្រាស់នូវសារធាតុញៀន នៅក្លឹបមួយកន្លែងឈ្មោះ ក្លឹបកំសាន្តអន្តរជាតិបាវិត ឋិតនៅចំណុចក្រុងបាវិត សង្កាត់បាវិត ខេត្តស្វាយរៀង។

សម្រាប់ប្រតិបត្តិការនេះ កម្លាំងនគរបាលចាប់ខ្លួនជនល្មើសជាង៣០០នាក់ ជនជាតិខ្មែរ ជនជាតិចិន និងជនជាតិវៀតណាម ព្រមទាំងដកហូតថ្នាំញៀនមួយចំនួន, ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួនធំ, ទូរស័ព្ទដៃ និងរថយន្ត​មួយចំនួន​ផងដែរ។

...

នៅពេលនេះជនសង្ស័យទាំងអស់ និងវត្ថុតាង ត្រូវបានយកទៅសួរនាំ ដើម្បីចាត់ការបន្តទៀតតាមច្បាប់៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print