ភ្នំពេញ ៖ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានបញ្ចូនជនសង្ស័យ០២នាក់ទៅតុលាការដេីម្បីផ្ដន្ទាទោសតាមច្បាប់ បន្ទាប់ពីកម្លាំងជំនាញបានបង្ក្រាបជាក់ស្តែងករណីអំពើ លួច(ម៉ូតូ) កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១១និង២០នាទី ត្រង់ចំណុចកន្លែងលក់ផ្កា ផ្លូវ៥០ម៉ែត្រ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ហួន ចន្ធី ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅផ្ទះលេខA០៨ ផ្លូវ៥០ម៉ែត្រ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យ០២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន ៖ ទី១/ឈ្មោះ គៀង ចៅសំ ហៅជ័យ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ២/ឈ្មោះ ម៉ែន វិចិត្រ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សម្ភារៈបាត់បង់៖ គ្មាន ។ រីឯវត្ថុតាងចាប់យក៖ ១/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខតាកែវ1T-5390 ចំនួន០១គ្រឿង, ២/ម៉ូតូម៉ាកToDay ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1GG-0993 ចំនួន០១គ្រឿង, ៣/ទូរស័ព្ទដៃម៉ាកOPPO ពណ៌ខ្មៅ ចំនួន០១គ្រឿង ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១១និង០០នាទី ជនរងគ្រោះឈ្មោះ ហួន ចន្ធី ភេទប្រុស អាយុ៤១ឆ្នាំ បានជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៣ ពាក់ផ្លាកលេខភ្នំពេញ1BU-0529 ០១គ្រឿង ចេញផ្ទះលេខA០៨ ផ្លូវ៥០ម៉ែត្រ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីទៅទិញដើមផ្កានិងដី នៅកន្លែងលក់ផ្កា ដែលមានចំងាយប្រហែល៥០០ម៉ែត្រ ពីផ្ទះជនរងគ្រោះ ស្ថិតនៅភូមិប្រការខាងលើ។ ពេលជនរងគ្រោះជិះម៉ូតូមកដល់កន្លែងលក់ផ្កា ក៏បានដើរចូលទៅទិញផ្កាដោយទុកម៉ូតូម៉ាកខាងលើ នៅមុខកន្លែងលក់ផ្កា ពុំបានដកកូនសោរម៉ូតូចេញពីម៉ូតូទេ រួចជនរងគ្រោះក៏បានដើរទៅយកលុយអាប់ ពីអ្នកលក់ផ្កា មានចម្ងាយពីម៉ូតូប្រហែល០៧ម៉ែត្រ ។ ពេលជនរងគ្រោះដើរចេញមកវិញ ស្រាប់តែមិនឃើញម៉ូតូ ហើយក៏ឃើញជនសង្ស័យឈ្មោះ គៀង ចៅសំ ហៅ ជ័យ ភេទប្រុស អាយុ៣២ឆ្នាំ បានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះជិះ ចេញបានចំងាយប្រហែល២០ម៉ែត្រ ឃើញដូចនេះជនរងគ្រោះក៏បានស្រែកថាចោរៗ ហើយរត់ដេញតាមពីក្រោយ រហូតដល់មុខផ្ទះជនរងគ្រោះ ទើបជនរងគ្រោះបានយករថយន្តដែលចតនៅមុខផ្ទះស្រាប់ បើកដេញតាមជនសង្ស័យ រហូតដល់ផ្លូវច្រមុះជ្រូកវត្តហា ស្ថិតនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ជនសង្ស័យក៏បានផ្ដួលម៉ូតូជនរងគ្រោះចោលរត់គេចខ្លួន ហើយជនរងគ្រោះក៏ចុះពីរថយន្ដរត់ដេញតាមពីក្រោយ និងស្រែកឆោឡោថា ចោរៗ ពេលនោះកម្លាំងសមត្ថកិច្ចយើងដែលជិះម៉ូតូល្បាតក្បែរកន្លែងកើតហេតុ បានជួយអន្ដរាគមន៍ឃាត់ខ្លួន ជនសង្ស័យ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃស ។ ហើយនៅវេលាម៉ោង១៣និង០០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចបានបន្តទៅឃាត់ខ្លួនជនសង្ស័យជាបក្ខពួកម្នាក់ទៀតឈ្មោះ ម៉ែន វិចិត្រ ភេទប្រុស អាយុ៣៤ឆ្នាំ ត្រង់ចំណុចការ៉ាស់សាំងតេលា កែងផ្លូវបេតុង ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ រួមនិងវត្ថុតាង ម៉ូតូម៉ាកToDay ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1GG-0993 ចំនួន០១គ្រឿង យកមកធ្វើការសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃស តាមនីតិវិធីច្បាប់ ។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យទាំង០២នាក់ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពួកខ្លួន (ជនសង្ស័យ) ពិតជាបានជិះម៉ូតូម៉ាកធូដេ ឌុបគ្នាមកធ្វើសកម្មភាពលួចម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៣ ពាក់ផ្លាកលេខភ្នំពេញ1BU-0529 របស់ជនរងគ្រោះប្រាកដមែន រួចជនរងគ្រោះក៏បានដាក់ពាក្យបណ្ដឹងចំឈ្មោះជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ ៖ ភារ៉ា ដង្កោ









