ភ្នំពេញ ៖ នៅវិមាន៦មករា នាព្រឹកទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម TAKAHASHI Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
លោក ជា ធីរិទ្ធិ បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងក្តីរីករាយ ដោយបានជួបជាមួយប្រតិភូ នៃសមាគមជប៉ុន-កម្ពុជាសារជាតិថ្មី។សម្តេចតេជោ បានសម្តែងនូវការពេញចិត្ត ចំពោះសកម្មភាពដ៏សកម្មរបស់សមាគម ជប៉ុន-កម្ពុជា ដែលបានចូលរួមចំណែក ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងទាំងនៅក្នុងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងជប៉ុន ទំនាក់ទំនងរវាងប្រជាជនកម្ពុជា និងប្រជាជន ហើយជាពិសេស គឺការទាក់ទាញអ្នកវិនិយោគឱ្យមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ដែលនេះ គឺជាសកម្មភាពមួយយ៉ាងសកម្ម ក្នុងការគាំទ្រដល់ការវិនិយោគ និងការជំរុញសេដ្ឋកិច្ចកម្ពុជា។
នៅក្នុងឱកាសនោះ លោកប្រធានសមាគម ជប៉ុន-កម្ពុជា បានសម្តែងនូវក្តីអរគុណចំពោះការអនុញ្ញាតរបស់សម្តេចតេជោ ឱ្យរូបលោក ក៏ដូចជា ប្រតិភូទាំងអស់ បានចូលជួបសម្តែងការគួរសមសារជាថ្មីម្តងទៀត ក្នុងឱកាសដែលប្រតិភូសមាគម អញ្ជើញមកបំពេញបេសកកម្មនៅកម្ពុជា ។
លោកបានលើកឡើងថា ប្រទេសកម្ពុជា គឺទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកវិនិយោគរបស់ជប៉ុន ក្នុងការមកវិនិយោគលើវិស័យនានា ក្នុងនោះឯកឧត្តមបានរំលេចទាក់ទងទៅនឹងប្រតិភូដែលមកបំពេញបេសកកម្មនៅកម្ពុជា ពេលនេះ គឺមានប្រមាណ ៣៦ក្រុមហ៊ុន ដែលជាក្រុមហ៊ុនជប៉ុន មានទាក់ទងទៅនឹងការវិនិយោគលើវិស័យបច្ចេកវិទ្យា ផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ និងកសិ-ឧស្សាហកម្មជាដើម ដែលជាការចាប់អារម្មណ៍របស់អ្នកវិនិយោគជប៉ុនមកកម្ពុជា។
លោកបានលើកឡើងថា ការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា កន្លងមក ជាពិសេស តាំងពីពេលសម្តេចតេជោនៅជានាយករដ្ឋមន្ត្រី ហើយមកដល់ពេលនេះ សម្តេចតេជោ ជាប្រធានព្រឹទ្ធសភានៃកម្ពុជា សម្តេចតេជោ ក៏នៅតែបន្តគាំទ្រអ្នកវិនិយោគជប៉ុន ជាពិសេស គឺសមាគមជប៉ុន-កម្ពុជា តែម្តង ដែលលោក
ប្រធានសមាគម បានចាត់ទុកការគាំទ្រនេះ គឺជាកម្លាំងចិត្តដ៏សំខាន់ក្នុងការផ្តល់នូវទំនុកចិត្ត ដល់អ្នកវិនិយោគជប៉ុន មកកាន់កម្ពុជា បន្ថែមទៀត ។
នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដោយបង្ហាញនូវការពេញចិត្ត ចំពោះវឌ្ឍនភាពរបស់សមាគមជប៉ុន-កម្ពុជា ដែលបានខិតខំប្រឹងប្រែងនៅក្នុងការធ្វើយ៉ាងណា ជំរុញទំនាក់ទំនង ជាពិសេស ទាក់ទងទៅនឹងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបន្ថែមទៀត ដល់ប្រជាជនកម្ពុជា ជាពិសេស យុវជនតែម្តង ដោយសម្តេចតេជោ បានលើកឡើងថា ជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈនេះ គឺជាជំនាញ នៃតម្រូវការ ដែលទាំងក្នុងបរិបទប្រទេសកម្ពុជា ក៏ដូចជាបរិបទនៃប្រទេសជប៉ុនត្រូវការ ហើយជាចំណែកក្នុងការជំរុញផ្នែកសេដ្ឋកិច្ចដ៏សំខាន់ ។
ជាមួយគ្នានេះ សម្តេចតេជោ ក៏បានលើកឡើងពីការពេញចិត្តនូវអ្វីដែលអ្នកវិនិយោគជប៉ុន ចាប់អារម្មណ៍ទៅលើវិស័យកសិ-ឧស្សាហកម្ម និងបច្ចេកវិទ្យា ដោយសម្តេចតេជោ បានលើកឡើងថា ផ្នែកកសិ-ឧស្សាហកម្មនេះ គឺជាចំណុចស្នូលមួយរបស់រាជរដ្ឋាភិបាលកម្ពុជា តាំងពីដើមរៀងមក រហូតដល់រាជរដ្ឋាភិបាលថ្មី ក៏ចាត់ទុកកសិ-ឧស្សាហកម្មនេះ គឺការកែច្នៃផលិតផលកសិកម្ម គឺជារឿងចាំបាច់និងអាទិភាព ។
ពាក់ព័ន្ធទៅនឹងវិស័យបច្ចេកវិទ្យា ក៏ដូចគ្នាដែរ ដោយបច្ចុប្បន្ននេះ រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងតែផ្តោតការយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យា ហើយកម្ពុជា កំពុងត្រូវការខ្លាំងក្នុងផ្នែកនេះ ។ សម្តេច បានជំរុញឱ្យអ្នកវិនិយោគជប៉ុន ចាប់អារម្មណ៍ និងពង្រីកសក្កដានុពល លើវិស័យទាំងអស់នេះ ឱ្យមានការកើនឡើងកាន់តែច្រើនថែមទៀត ។
ជាចុងក្រោយ សម្តេចតេជោ បានជូនពរប្រតិភូទាំងអស់ បំពេញបេសកកម្ម បានជោគជ័យ នៅព្រះរាជាណាចក្រកម្ពុជា៕
ដោយ ៖ សិលា










