ភ្នំពេញ៖ ក្រសួងព័ត៌មាន បានលើកកម្ពស់សមត្ថភាពមន្រ្ដីលើការបង្ការហានិភ័យគ្រោះមហន្តរាយ ដើម្បីបង្កើននូវជំនាញច្បាស់លាស់ បទពិសោធន៍ ចំណេះដឹងថ្មីៗសម្រាប់ផ្សព្វផ្សាយជូនសាធារណជនទាំងមុនពេល ក្នុងកំឡុងពេល និងក្រោយពេលមានគ្រោះមហន្តរាយកើតឡើងកាន់តែមានប្រសិទ្ធភាព។
ថ្លែងក្នុងវគ្គបណ្តុះបណ្តាលមន្រ្ដីបង្គោល ស្តីពីការបង្ការហានិភ័យគ្រោះមហន្តរាយក្នុងវិស័យសារព័ត៌មាន នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ហ៊ុយ សារ៉ាវុធ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយក្រសួងព័ត៌មានមានប្រសាសន៍ថា ក្រសួងព័ត៌មានបានសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រៀបចំវគ្គបណ្តុះបណ្តាលស្តីពីការបង្ការហានិភ័យគ្រោះមហន្តរាយក្នុងវិស័យសារព័ត៌មានជូនដល់មន្ត្រីក្រោមឱវាទក្រសួងរយៈពេល២ថ្ងៃ ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងគោលបំណងបង្កើននូវសមត្ថភាពជំនាញ និងតម្រង់ទិសដល់មន្ត្រីបង្គោលក្នុងក្របខ័ណ្ឌនៃក្រសួងព័ត៌មានឱ្យទទួលបាននូវជំនាញច្បាស់លាស់ បទពិសោធន៍ ចំណេះដឹងថ្មីៗបន្ថែមទៀត រួមទាំងយុទ្ធសាស្ត្រផ្សព្វផ្សាយជូនសាធារណជនទាំងមុនពេល ក្នុងកំឡុងពេល និងក្រោយពេលមានគ្រោះមហន្តរាយកើតឡើង។
លោករដ្ឋលេខាធិការ បានបន្ថែមថា ការផ្សព្វផ្សាយព័ត៌មានដែលមានប្រភពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ គឺមានសារៈសំខាន់ណាស់ក្នុងការជួយដល់ប្រជាពលរដ្ឋ និងជួយដល់ស្ថាប័នពាក់ព័ន្ធអាចធ្វើសកម្មភាពឆាប់រហ័ស និងជាបន្ទាន់នៅតាមតំបន់ដែលទទួលរងគ្រោះ។ មិនតែប៉ុណ្ណោះការផ្សាយព័ត៌មានពិត ព័ត៌មានត្រឹមត្រូវ គឺជាការរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនដូចបណ្តាប្រទេសនៅក្នុងតំបន់ និងនៅលើសកលលោក ហើយថាតាមរយៈសិក្ខាសាលានេះ យើងរំពឹងថាមន្ត្រីរបស់យើងនឹងទទួលបានបទពិសោធន៍ថ្មីៗអំពីការគ្រប់គ្រងព័ត៌មាន និងយុទ្ធសាស្ត្រផ្សព្វផ្សាយ ដើម្បីអនុវត្តនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុន។
ក្នុងឱកាសនេះ លោក គីម វីរៈ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសង្គមមួយដែលមានភាពធន់ និងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ ។
លោក គីម វីរៈ បានបញ្ជាក់ថា កម្ពុជាកំពុងប្រឈមនឹងហានិភ័យគ្រោះមហន្តរាយចម្រុះ រួមទាំងគ្រោះធម្មជាតិ (ដូចជា ទឹកជំនន់ គ្រោះរាំងស្ងួត) និងគ្រោះមហន្តរាយដែលបង្កដោយមនុស្ស ឬបច្ចេកវិទ្យា។
បន្ថែមពីនេះ លោក គីម វីរៈ ជឿជាក់ថា ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលរយៈពេលខ្លីនេះសិក្ខាកាមនឹងទទួលបាននូវជំនាញថ្មីមួយកម្រិតទៀត ដែលជាកម្លាំងចលករយ៉ាងសំខាន់សម្រាប់ពង្រឹងប្រសិទ្ធភាពនៃប្រព័ន្ធព័ត៌មានជាតិក្នុងវិស័យគ្រប់គ្រងគ្រោះមហន្តរាយ៕
ដោយ៖តារា










