ខេត្តកណ្តាល÷ បុរស២នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីម៉ូតូរបស់ពួកគេត្រូវបានរថយន្តកុងតឺន័រសណ្តោងរ៉ឺម៉កបុកពេញទំហឹង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៤និង ៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៤៤-៤៥ ស្ថិតនៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ទាំង២នាក់ជាអ្នកជិះម៉ូតូជាមួយគ្នា។ អ្នកបើកបរម៉ូតូមានឈ្មោះ ស្រ៊ា ស្រ៊ាន ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅខេត្តព្រៃវែង (ស្លាប់) និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ឆាន់ រ័ត្ន ភេទប្រុស អាយុ ២៤ឆ្នាំ (ស្លាប់) មានស្រុកកំណើតនៅខេត្តស្វាយរៀង។
លោកអធិការបន្តថា ម៉ូតូជនរងគ្រោះម៉ាក HONDA DREAM C១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១BQ-២៧៣៥ បើកបរក្នុងទិសដៅផ្ទុយគ្នា (ពីភ្នំពេញទៅអ្នកលឿង)។ ម៉ូតូនេះបានបុកជាមួយនឹងរថយន្ដកុងតឺន័រម៉ាក SCANIA ពណ៌លឿង ពាក់ផ្លាកលេខ ស្វាយរៀង ៣A-៣៧៦២ ដែលសណ្តោងសឺមីរ៉ឺម៉ក ពាក់ផ្លាកលេខ ស្វាយរៀង ៤A-៣៧៦២ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) ក្នុងទិសដៅពីកើតទៅលិច (ពីអ្នកលឿងទៅភ្នំពេញ)។
ការសន្និដ្ឋានបឋមរបស់សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់នេះបណ្ដាលមកពីអ្នកបើកបរម៉ូតូបើកបរធ្វេសប្រហែស មិនប្រុងប្រយ័ត្ន និងបានបើករំលោភចូលចំណែកផ្លូវនៃរថយន្ត។
គ្រោះថ្នាក់នេះបណ្ដាលឲ្យម៉ូតូ១គ្រឿងខូចខាតស្ទើរទាំងស្រុង រីឯរថយន្ត១គ្រឿងខូចខាតស្រាល។ មធ្យោបាយធ្វើដំណើរទាំង ២គ្រឿង ត្រូវបានយកទៅរក្សាទុកជាភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី៕










