ខេត្តក្រចេះ ៖ ក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២៥ គិតចាប់ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ អង្គភាពច្រកចេញចូលតែមួយខេត្តក្រចេះ បានបម្រើសេវាជូនប្រជាពលរដ្ឋសរុបចំនួន ៣.៥៥៣សេវា និងទទួលបានចំណូលសរុប ៥៩០.៤៧២.៣០០រៀល។ នេះបើយោងតាមរបាយការណ៍ ស្តីពីវឌ្ឍនភាពការងារ របស់អង្គភាពច្រកចេញចូលតែមួយ ដែលរដ្ឋបាលខេត្តក្រចេះ ផ្តល់មកកាន់មន្ត្រីព័ត៌មាន នៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។
បើតាមរបាយការណ៍ ក្នុងរយៈពេល៩ខែនោះ សេវាប្រជាពលរដ្ឋស្នើសុំច្រើនជាងគេរួមមាន វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចំនួន១.៤៣៤សេវា វិស័យរៀបចំដែនដីនគរូបនីយកម្មសំណង់ និង សុរិយោដីចំនួន៨១៣សេវា (តាមប្រព័ន្ធអនឡាញបានចំនួន ៤៦០សេវា) វិស័យសាធារណការ និងដឹកជញ្ជូនចំនួន៥៤៣សេវា វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ចំនួន១៣២សេវាការងារនីត្យានុកូលកម្មផ្តល់បានចំនួន៨១សេវា វិស័យព័ត៌មានចំនួន៣១សេវា វិស័យសុខាភិបាលចំនួន២៤សេវា វិស័យទេសចរណ៍ចំនួន១៦សេវា ការងាររដ្ឋបាលចំនួន១០ សេវា និងវិស័យរ៉ែ និងថាមពលមានចំនួន៩ សេវា។
ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ទាំង៧ របស់ខេត្តក្រចេះ ក្នុងរយៈពេលដូចគ្នានេះ មន្ត្រីបានបម្រើពលរដ្ឋចំនួន៨៣.១៣៥សេវា ទទួលបានចំណូលសរុប៩០.៧២៨.២៣៣រៀល ខណៈយន្តការច្រកចេញចូលតែមួយរបស់រដ្ឋបាលឃុំ សង្កាត់ បានផ្តល់សេវាជូនប្រជាពលរដ្ឋ ចំនួន៣៥.៧២៣សេវា និងទទួលបានចំណូលសរុប៥៦.៥៤០.២៣៦រៀល។
សូមបញ្ជាក់ថា អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តក្រចេះ បានដាក់ឱ្យដំណើរការកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨។ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្ត តែងបានជំរុញឱ្យគ្រប់យន្តការច្រកចេញចូលតែមួយ ចាប់ពីថ្នាក់ខេត្ត ដល់ឃុំ សង្កាត់ ខិតខំយកចិត្តទុកដាក់ផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អបំផុត ជាពិសេសរិះរកគ្រប់មធ្យោបាយកាត់បន្ថយការកកស្ទះឯកសារនានា សំដៅធ្វើយ៉ាងណាឱ្យការបម្រើសេវាសាធារណៈកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ។
ជុំវិញការផ្តល់សេវានេះ ប្រជាពលរដ្ឋនៅខេត្តក្រចេះ បានបង្ហាញការពេញចិត្តយ៉ាងខ្លាំង ចំពោះការផ្តល់សេវា តាំងពីពេលចាប់ផ្តើមរហូតមកដល់បច្ចុប្បន្ន។ ការពេញចិត្តនេះក៏ដោយសារការផ្តល់សេវា មានភាពលឿនរហ័សទាន់ចិត្ត មិនមានភាពស្មុគស្មាញច្រើន ខណៈមន្ត្រីទទួលបន្ទុកការងារនេះ តែងពន្យល់ណែនាំ សម្របសម្រួល ដែលធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្ត និងទទួលបាននូវភាពកក់ក្តៅ។ នេះបើតាមការគូសបញ្ជាក់បន្ថែម ពីរដ្ឋបាលខេត្តក្រចេះ៕
ដោយ ៖ សេង បូលីន មន្ត្រីអ្នកនាំពាក្យក្រសួងមហាផ្ទៃ










