រាជធានីរីយ៉ាដ ៖ នាឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ចូលរួមមហាសន្និបាតអង្គការទេសចរណ៍សហប្រជាជាតិលើកទី២៦ (UN Tourism- 26th General Assembly) នៅរាជធានីរីយ៉ាដ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយលោកជំទាវ Fatim-Zahra Ammor រដ្ឋមន្រ្តីទេសចរណ៍ សិប្បកម្ម និងសាមគ្គីភាពសង្គម និងសេដ្ឋកិច្ចនៃព្រះរាជាណាចក្រម៉ារ៉ុក និងសហការី លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។
តាមរយៈកិច្ចពិភាក្សា និងការផ្លាស់ប្តូរទស្សនៈស៊ីជម្រៅ ភាគីទាំងពីរ បានឯកភាពពន្លឿនការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នាពេលខាងមុខ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ តាមរយៈការបង្កើតផែនការសកម្មភាពអនុវត្តជាក់ស្តែង ការបង្កើតក្រុមការងារបច្ចេកទេស រួមទាំងការបង្កើនសកម្មភាពជំរុញការផ្សព្វផ្សាយទេសចរណ៍រវាងប្រទេសទាំងពីរ ការជំរុញបង្កើតជើងហោះហើរត្រង់ ដើម្បីទាក់ទាញការធ្វើដំណើរ និងទេសចរនៃប្រជាជនប្រទេសទាំងពីរ ជាពិសេស គឺក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលបណ្តាប្រទេសនិយាយភាសាបារាំងលើកទី២០ នៅខែវិច្ឆិកា ឆ្នាំ២០២៦ ដែលព្រះរាជាណាចក្រម៉ារ៉ុកក៏ជាសមាជិកអង្គការពិភពលោកនេះដែរ។
តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ប្រទេសកម្ពុជា អាចធ្វើពិពិធកម្មទីផ្សារទៅកាន់តំបន់មជ្ឈិមបូព៌ា ពង្រីក និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងការបង្កើតផលិតផលទេសចរណ៍ដែលមានតម្លៃបន្ថែម ព្រមទាំងកាលានុវត្តភាពវិនិយោញទេសចរណ៍ ទៅកាន់ទីផ្សារដ៏ធំមួយទៀតនៅតំបន់ Maghreb (ភាគខាងជើងនៃទ្វីបអាហ្រ្វិក) ដែលមានប្រជាជនជាង៤០លាននាក់ឈរលេខរៀងទី៤១ លើពិភពលោក ដោយបច្ចុប្បន្នការធ្វើដំណើរតាមផ្លូវអាកាសពីប្រទេសម៉ារ៉ុកមានភាពងាយស្រួលជាមួយជើងហោះត្រង់ពីទីក្រុងអ៊ីស្តាន់ប៊ុលមករាជធានីភ្នំពេញ។ រាជធានីរីយ៉ាដ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕
ដោយ ៖ សិលា










