ភ្នំពេញ ៖ ទីកន្លែងសិប្បកម្មផលិតនំបញ្ចុក១កន្លែងត្រូវបានក្រុមចោរឆ្លឹះសោរ នឹងយកមេសោទៅខ្ទាស់ បន្ទប់កម្មករហើយធ្វើសកម្មភាពលួចយកម៉ូតូចំនួន២គ្រឿងជាបន្តបន្ទាប់។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣ ឈានចូលព្រឹកថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ ២០២៥ នៅចំណុចឃ្លាំងសិប្បកម្មដែលស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ប្រភពបានឲ្យដឹងថា ម៉ូតូ២គ្រឿងដែលក្រុមចោរលួចនោះ ១គ្រឿងម៉ាក់ scoopy ពណ៌សពាក់ស្លាកលេខភ្នំពេញ ១JW.៨០០៨ ម្ចាស់ឈ្មោះស៊ិន សុផារ័ត្ន ភេទស្រី អាយុ៣២ឆ្នាំ និង១គ្រឿងទៀតម៉ាកប៊ីត ពណ៌សពាក់ស្លាកលេខ ភ្នំពេញ ១IV.៩២២០ ដែលមានម្ចាស់ឈ្មោះតុង ឌីណា ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ជាម្ចាស់សិប្បកម្ម ។
តាមប្រភពពីម្ចាស់សិប្បកម្មបានឲ្យដឹងថា នៅវេលាយប់មុនពេលកើតគាត់បានរៀបចំចាក់សោរ ឃ្លាំងទៅដេកនៅផ្ទះក្បែរនោះ។ដោយនៅក្នុងឃ្លាំងមានកម្មករចំនួន ៧ នាក់ស្នាក់នៅចេញចូលតាមទ្វារតូច។ នៅវេលាម៉ោង ៣ឈានចូលព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឈ្មោះនាង តូច ភេទប្រុស ដែលជាបុគ្គលិករបស់គាត់ជួលផ្ទះស្នាក់នៅខាង ក្រៅ មកដឹកនំបញ្ចុកឱ្យម៉ូយ ស្រាប់តែឃើញទ្វារចំហហើយបន្ទប់កម្មករដែលស្នាក់នៅត្រូវបានគេខ្ទាស់សោរពីក្រៅ(ដោយចោរឆ្កឹះសោឃ្លាំងចំនួន២យកទៅខ្ទាស់)។
ម្ចាស់សិប្បកម្មបានឱ្យដឹងទៀតថា នៅយប់នោះកូនចៅបានទូរសព្ទប្រាប់មកមើលបាត់ម៉ូតូចំនួន២គ្រឿង ក៍បានទៅដាក់ពាក្យបណ្តឹងនៅស្នាក់ការប៉ុស្តិ៍កន្ទោក។
តាមកាមេរ៉ាសុវត្ថិភាពឃើញក្រុមចោរមានគ្នាចំនួន៤នាក់ បានធ្វើកម្មភាពឆ្កឹះសោរចូលលួចយកម៉ូតូ២គ្រឿងជាបន្តបន្ទាប់នៅវេលាម៉ោង១និង៤២នាទីរំលងអាធ្រាត្រ ដោយ២នាក់យកជើងធាក់ដៃចង្កូត ម៉ូតូស្កុបពីកាច់សោ ករួចបណ្តើរចេញ និង២នាក់ទៀតយកជើងធាក់កាចសោកម៉ូតូប៊ីត រួចបណ្តើរចេញដោយសុវត្តិភាព។
ម្ចាស់ម៉ូតូក៏បានសំណូមពរដល់សមត្ថកិច្ចមេត្តាជួយស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាពដើម្បីឃាត់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់៕










