ឯកអគ្គរាជទូតដាណឺម៉ាក សម្តែងការពេញចិត្តចំពោះកំណើននៃពាណិជ្ជកម្មទ្វេភាគីជាមួយកម្ពុជា ដែលមានកំណើន ១១% ក្នុងឆ្នាំ២០២៥ បើប្រៀបទៅនឹងឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ​៖​ លោក នង សាកល អនុរដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសន្ទនាជាមួយលោក Danny Annan ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រដាណឺម៉ាក ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នៅព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៥​ នៅទីស្ដីការក្រសួង។

ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាលើកិច្ចការទូទៅ ជុំវិញការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ដាណឺម៉ាក លើវិស័យនយោបាយ និងសេដ្ឋកិច្ច ការលើកកម្ពស់ទំនាក់ទំនងនិងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនរវាងប្រទេសទាំងពីរ  បញ្ហាតំបន់និងអន្តរជាតិ រួមទាំងអំពីលទ្ធភាពក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី។ 

លោកឯកអគ្គរាជទូតដាណឺម៉ាក បានសម្តែងការពេញចិត្តចំពោះកំណើននៃពាណិជ្ជកម្មទ្វេភាគី ជាមួយកម្ពុជា ដែលមានកំណើន ១១% ក្នុងឆ្នាំ២០២៥ បើប្រៀបទៅនឹងឆ្នាំ ២០២៤ រួមទាំងបានគូសបញ្ជាក់ថា សហគមន៍ជនជាតិដាណឺម៉ាកនៅកម្ពុជា មានការពេញចិត្តក្នុងការរស់នៅនិងប្រកបរបរអាជីវកមុ្មនៅកម្ពុជា ហើយកំពុងសម្លឹងមើលពីការពង្រីកវិសាលភាពធ្វើពាណិជ្ជកម្មនៅកម្ពុជាបន្ថែមទៀត។ ដោយឡែក ឯកឧត្តមឯកអគ្គរាជទូត ក៏បានកត់សំគាល់ផងដែរនូវកំណើនអ្នកទេសចរដាណឺម៉ាក មកកាន់កម្ពុជាផងដែរ។ 

ពាក់ព័ន្ធនឹងបញ្ហាតំបន់ តាមការសាកសួរពីភាគីមិត្ត លោក នង សាកល ក៏បានជម្រាបជូន ឯកឧត្តមឯកអគ្គរាជទូត អំពីការវិវត្តថ្មីៗនៃស្ថានកាណ៏នៅព្រំដែនកម្ពុជា-ថៃ ជាពិសេសទាក់ទងនឹងការអនុវត្តសេចក្ដីថ្លែងការណ៍រួមដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ នៅទីក្រុងគូឡាឡាំពួ ផងដែរ។

ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នា អំពីសារៈសំខាន់នៃការរៀបចំកិច្ចប្រជុំពិភាក្សានយោបាយលើកដំបូង ដើម្បីបង្កើតក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print